(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់ខ្នាតយក្ស Nvidia បានលើកឡើងពីការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីក្រុមហ៊ុន Huawei បើទោះបីជាការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកជាបន្តបន្ទាប់ប្រឆាំងនឹងក្រុមហ៊ុនចិនក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNBC នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។
នៅក្នុងឯកសារប្រចាំឆ្នាំមួយនៅថ្ងៃពុធសប្តាហ៍នេះ Nvidia បានគូសបញ្ជាក់ពីក្រុមហ៊ុន Huawei ថាជាដៃគូប្រកួតប្រជែងដ៏លេចធ្លោរបស់ខ្លួនក្នុងចំណោមដៃគូផ្សេងទៀត សម្រាប់រយៈពេល ២ឆ្នាំជាប់គ្នាៗមកនេះ។ នេះបង្ហាញពីការព្រួយបារម្មណ៍គួរឱ្យកត់សម្គាល់ ខណៈ Nvidia មិនបានរាយការណ៍ពីដៃគូប្រកួតប្រជែងនេះយ៉ាងហោចណាស់ ៣ឆ្នាំហើយ ក្រោយក្រុមហ៊ុនចិន Huawei ត្រូវបានចុះបញ្ជីខ្មៅដោយសហរដ្ឋអាមេរិកសម្រាប់ហេតុផលសន្តិសុខជាតិ។
Nvidia បានកំណត់ថាក្រុមហ៊ុន Huawei គឺជាដៃគូដ៏លេចធ្លោបំផុតរបស់ខ្លួនក្នុងវិស័យចំនួន ៤ ក្នុងចំណោម ៥ ដូចជា៖ បន្ទះឈីប សេវាកម្ម cloud ដំណើរការកុំព្យូទ័រ និងដំណោះស្រាយបណ្តាញ។ ទន្ទឹមនឹងនេះ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Nvidia លោក Jensen Huang បានប្រាប់ទូរទស្សន៍ CNBC លោក Jon Fortt ថា «មានការប្រកួតប្រជែងនៅក្នុងប្រទេសចិន»។ លោកបានបន្ថែមថា «ក្រុមហ៊ុន Huawei និងក្រុមហ៊ុនចិនផ្សេងទៀត... មានភាពរឹងមាំ និងមានការប្រកួតប្រជែងខ្លាំង»។
គួរជម្រាបថា ចាប់តាំងពីឆ្នាំ ២០១៩ មក សហរដ្ឋអាមេរិកបានដាក់កម្រិតសមត្ថភាពរបស់ក្រុមហ៊ុន Huawei ក្នុងការចូលប្រើបច្ចេកវិទ្យាពីអ្នកផ្គត់ផ្គង់របស់អាមេរិក រាប់ចាប់ពីបន្ទះឈីប 5G កម្រិតខ្ពស់ រហូតដល់ប្រព័ន្ធប្រតិបត្តិការ Android របស់ Google។ យ៉ាងណា ក្រុមហ៊ុននេះហាក់មិនបានបង្ហាញពីការថមថយសមត្ថភាពទេ ប៉ុន្តែផ្ទុយទៅវិញកាន់តែរីកចម្រើនខ្លាំងជាងមុន ខណៈរបាយការណ៍ប្រាក់ចំណូលក្នុងឆ្នាំ២០២៤ បានកើនលើសពី ១១៨.២៧ពាន់លានដុល្លារ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៕