(ភ្នំពេញ)៖ ការប្រកួតពានបាល់ទាត់មិនមែនអាជីពកម្ពុជា ឬ Cambodian Amateur Football League (CAFL) លើកទី២ ឆ្នាំ២០២៥ ត្រូវបានប្រកាសបើកជាផ្លូវការហើយ ខណៈអតីតកីឡាករជម្រើសជាតិ ឃួន ឡាបូរ៉ាវី គឺជាប្រធាន។
ការប្រកាសបើក ការប្រកួតពានបាល់ទាត់មិនមែនអាជីពកម្ពុជា លើកទី២ បានធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយ One HR Hub នៅភោជនីយដ្ឋាន Botanico ក្នុងរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះ បានបង្ហាញពីវត្តមានរបស់លីក ដែលកំពុងរីកចម្រើននៅក្នុងវិស័យកីឡាបាល់ទាត់មិនមែនអាជីពរបស់កម្ពុជា និងផ្តល់នូវការយល់ដឹងអំពីរចនាសម្ព័ន្ធ និងគោលបំណងរបស់កម្មវិធីប្រកួតពានបាល់ទាត់មិនមែនអាជីពកម្ពុជា រដូវកាល២។
លោក Yurii Maslennikov ស្ថាបនិក CAFL ដែលជាអតីតកីឡាករបាល់ទាត់ពាក់កណ្តាលអាជីពនៅក្នុងប្រទេសរុស្ស៊ី និងជាអ្នករៀបចំព្រឹត្តិការណ៍នេះ កាលពីរដូវទី១ នឹងដឹកនាំការពិភាក្សាលើទម្រង់ការប្រកួត ច្បាប់និងបទបញ្ញត្តិ និងឱកាសចូលរួមឧបត្ថម្ភពីបណ្តាក្រុមហ៊ុននានា។ ព្រឹត្តិការណ៍នេះផងដែរ ក៏បានណែនាំជាផ្លូវការនូវថ្នាក់ដឹកនាំរបស់ការប្រកួត ដែលមានលោកស្រី Mutiah Fauzan ស្ថាបនិកក្រុមហ៊ុន One HR Hub ជាក្រុមប្រឹក្សាភិបាល និងលោក ឃួន ឡាបូរ៉ាវី អតីតកីឡាករជម្រើសជាតិ ដែលជាមន្រ្តីបច្ចេកទេស និងអភិវឌ្ឍនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជាប្រធាន។
រហូតមកដល់ពេលនេះ មានក្រុមជាង១០ បានចុះឈ្មោះ ខណៈចំនួនបានបន្តកើនឡើង។ ការប្រកួតនឹងចាប់ផ្តើមនៅខែឧសភា ឆ្នាំ២០២៥ នៅទីលានកីឡដ្ឋានវិទ្យាល័យជ្រោយចង្វារ រាជធានីភ្នំពេញ តាមទម្រង់ជាក្រុម៖ វគ្គចែកពូលឈានទៅវគ្គ Playoff ដោយមួយប្រកួតក្នុងមួយសប្តាហ៍ ២តង់ ៣០នាទី និងអ្នកលេងអតិបរមាចំនួន ២០នាក់ ក្នុងមួយក្រុម (មិនអនុញ្ញាតិឱ្យកីឡាករកិច្ចសន្យាអាជីព)។
ការចុះឈ្មោះឥឡូវនេះបានបើកហើយ។ សម្រាប់ព័ត៌មានលម្អិត សូមតាមដានទំព័រហ្វេសប៊ុក Cambodian Amateur Football League ៕