(អ៉ីស្តង់ប៊ូល)៖ អ្នកចាត់ការទូទៅក្លិប Fenerbahce លោក Jose Mourinho ត្រូវបានសហព័ន្ធបាល់ទាត់តួកគីដកបញ្ឈរជើង ៤ប្រកួត និងពិន័យជាប្រាក់ប្រមាណ ៣៥,១៩៤ផោន ពីបទរិះគន់លីគកំពូលនៃប្រទេសនេះ នៅក្រោយបញ្ចប់ជំនួប Derby ទល់នឹង Galatasaray ដែលបញ្ចប់ក្នុង ០-០ កាលពីរាត្រីអង្គារកន្លងទៅ។

បុរសសញ្ជាតិព័រទុយហ្គាល់ វ័យជាង ៦០ឆ្នាំរូបនេះ ត្រូវបាន Galatasaray ចោទប្រកាន់ថាបានរើសអើងជាតិសាសន៍ នៅក្រោយបញ្ចប់ការប្រកួតកាលពីរាត្រីថ្ងៃអង្គារក្នុងលីគកំពូលតួកគីកាលពីដើមសប្តាហ៍នេះ។

ភ្លាមៗនោះដែរ នៅក្នុងសេចក្តីថ្លែងការណ៍របស់ Fenerbahce ក៏បានបដិសេធថា ខុសពីការពិតតែម្តង។

ជំនួបរាងក្រុមស្ថិតក្នុងទីក្រុង Istanbul តែមួយខាងលើនេះ គឹបានបញ្ចប់ទៅដោយលទ្ធផល ០-០ ដោយមានការដឹកនាំប្រកួតផ្ទាល់ពីសំណាក់អាជ្ញាកណ្តាលមកពីស្លូវ៉េនីគឺលោក Slavko Vincic តាមសំណើក្លិបទាំងពីរស្នើសុំ។

ដូចគ្នានោះដែរ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ សហព័ន្ធបាល់ទាត់តួកគីក៏បានប្រកាសពីការត្រៀមដាក់ទណ្ឌកម្ម Jose ២ករណីផ្សេងទៀតផងដែរ ស្របពេលថ្នាក់ដឹកនាំ Fenerbahce ក៏បានប្រកាសពីការដាក់ពិន័យខាងលើនេះដែរ៕