(បរទេស)៖ អ្នកចាត់ការទូទៅក្លិបកញ្រ្ជោងខៀវ Leicester City គឺលោក Ruud van Nistelrooy បានបញ្ជាក់ថា ក្រុមកំពុងស្ថិតលើផ្លូវប្រយុទ្ធនៅលើទីលានយ៉ាងខ្លាំងក្លាបំផុតតាមដែលអាចធ្វើទៅបាន ដ្បិតធ្លាក់ដល់លេខរៀងទី១៩ ក្នុងលីគជាបណ្តោះអាសន្នក៏ដោយ។

ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងសន្និសីទ បន្ទាប់ពីពួកគេបានរងបរាជ័យ ២ទល់នឹង០ ថែមទៀតនៅក្នុងផ្ទះរបស់ក្រុមញញួរធំ West Ham United កាលពីយប់មិញ ក្នុងសប្តាហ៍ទី២៧ ជើងទី២ នៅក្របខណ្ឌលីគកំពូលអង់គ្លេស Premier League 2024-25។

បុរសសញ្ជាតិហូឡង់ Van Nistelrooy បានធ្វើការប្តេជ្ញាចិត្តថា «ពួកយើងនឹងខ្លាំងម្តងទៀត។ យើងនឹងប្រយុទ្ធឱ្យដល់ទីបញ្ចប់។ យើងត្រូវតែប្រាកដក្នុងចិត្តថា ការប្រយុទ្ធនៅមិនទាន់បញ្ចប់ទេ នោះពួកយើងនៅតែមានឱកាសជានិច្ច»

នៅចាំបានថា លោក Van Nistelrooy ត្រូវបានតែងតាំងដឹកនាំក្រុមទើបឡើងមកលេងនៅ Premier League រដូវកាលនេះនាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីជំនួសកៅអីលោក Steve Cooper ដែលត្រូវបានដកតួនាទី ដោយទើបរកបានតែ ៧ពិន្ទុប៉ុណ្ណោះ ក្នុងចំណោម ១៤ប្រកួតក្នុងលីគរបស់លោក មានស្ថិតិតិចជាងគ្រូចាស់ដែលអាចរកបាន ១០ពិន្ទុ ត្រឹមតែ ១២ប្រកួត៕