(បរទេស)៖ កីឡាករវាយកូនបាល់ Jannik Sinner ពេលនេះត្រូវបានដកឈ្មោះចេញពីតំណែងម្ចាស់ពានកីឡាករល្អប្រចាំឆ្នាំពិភពលោក Laureus World Sportsman of the Year បន្ទាប់ពីរូបគេត្រូវបានរងការហាមឃាត់ពាកពាន់ការប្រើប្រាស់គ្រឿងញៀនរយៈពេល ៣ខែ ។ នេះបើតាមប្រភពពី BBC បានឱ្យដឹងនាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ។
នាមជាកីឡាករលំដាប់លេខ១ ពិភពលោក Jannik Sinner បានទទួលយកការហាមប្រាមរយៈពេល ៣ខែភ្លាមៗ ពីស្ថាប័នកីឡាវាយកូនបាល់កាលពីដើមខែនេះ បន្ទាប់ពីបានឈានដល់ការដោះស្រាយជាមួយទីភ្នាក់ងារប្រឆាំងសារធាតុញៀនពិភពលោក ជុំវិញការធ្វើតេស្តថ្នាំវិជ្ជមានចំនួនពីរលើកកាលពីឆ្នាំ២០២៤ ។ ។
តាមរយៈពេលវេលាហាមឃាត់នេះ Jannik Sinner ដែលទើបជាម្ចាស់ពាន Australian Open 2025 គឺបុរសសញ្ជាតិអ៊ីតាលីមានវ័យ ២៣ឆ្នាំរូបនេះ ត្រូវស្ថិតក្នុងការហាមឃាត់ពីថ្ងៃទី៩ ខែកុម្ភៈ ដល់ថ្ងៃទី៤ ខែឧសភាខាងមុខ។
លោក Sean Fitzpatrick ប្រធានគ្រប់គ្រងពានរង្វាន់ Laureus World Sports Academy បាននិយាយថា បន្ទាប់ពីការពិភាក្សារួមគ្នាជាមួយក្រុមការងារ Laureus Academy គឺត្រូវបានសម្រេចថាការតែងតាំងកីឡាករ Jannik Sinner សម្រាប់ពានរង្វាន់ Laureus World Sportsman of the Year Award ឆ្នាំនេះនឹងត្រូវបានដកចេញ ។
សូមជម្រាបផងថា សម្រាប់ពានរង្វាន់កីឡាករល្អប្រចាំឆ្នាំ Laureus World Sport Award for Sportsman of the Year គឺជាការផ្តល់កិត្តិយសជូនទៅកាន់គ្រប់កីឡាករដែលបានបង្ហាញភាពលេចធ្លោប្រចាំឆ្នាំ ក្នុងនោះឃើញថា កីឡាករវាយកូនបាល់ Roger Federer និង Novak Djokovic ធ្លាប់ឈ្នះពាននេះ ៥ដងដូចគ្នា ហើយកីឡាករបាល់ទាត់ឆ្នើម Lionel Messi ក៏ធ្លាប់ឈ្នះផងដែរ ៕