(ភ្នំពេញ)៖ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបង្ហាញការគាំទ្រពេញទំហឹង ចំពោះការបង្កើតសង្វៀនថ្នាល ដើម្បីផ្ដល់ឱកាសឲ្យកីឡាករវ័យក្មេងបានបង្ហាញ និងអភិវឌ្ឍន៍សមត្ថភាព ក្នុងន័យបណ្ដុះទំពាំងល្អ និងពង្រឹងឬស្សីរឹងមាំ សម្រាប់ជំរុញវិសាលភាពការអភិវឌ្ឍគុនខ្មែរ ទាំងលើឆាកជាតិ និងអន្ដរជាតិ។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការបើកដំណើរការកម្មវិធី Dragon Kun Khmer នៅសង្វៀនថោន កាលពីល្ងាចថ្ងៃទី២៧ ខែកុម្ភៈនេះ មុនចាប់ផ្ដើមការប្រកួត ២ថ្ងៃជាប់គ្នា នៅថ្ងៃទី២៨ ខែកុម្ភៈ និងនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ នៅខណ្ឌកំបូល រាជធានីភ្នំពេញ ដោយមានគូប្រកួតដណ្ដើមខ្សែក្រវាត់ និងគូមិត្តភាពអន្ដរជាតិ ពិសេសការប្រកួតដណ្ដើមពាន (4 Men Tournament) ក្នុងប្រភេទទម្ងន់ ៥១គីឡូក្រាម និងទម្ងន់ ៥២គីឡូក្រាម សម្រាប់ថ្នាលគុនខ្មែរតែម្ដង។

ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចាត់ទុកនេះ គឺជាការបើកទំព័រថ្មីមួយទៀត ក្នុងការផ្ដល់ឱកាសដល់ថ្នាលគុនខ្មែរ បានចូលរួមប្រកួត បង្ហាញនូវសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ហើយយកឱកាសនេះ ធ្វើការអភិវឌ្ឍន៍សមត្ថភាពកាន់តែខ្លាំង ដើម្បីក្លាយជាអ្នកស្នងមរតកក្បាច់គុនបុរាណខ្មែរដ៏មានសក្ដានុពល និងមានទីផ្សារប្រកួតកាន់តែច្រើន។ តាមរយៈនេះ លោកសង្ឃឹមថា នឹងទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋ និងអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរ ដើម្បីធានានិរន្ដរភាព នៃការប្រកួតកម្រិតថ្នាលនេះបន្ដបន្ទាប់ទៀត។

លោកបន្ដថា «កម្មវិធីនេះ នឹងទទួលបានភាពជោគជ័យ និងការសាទរពីបងប្អូនប្រជាពលរដ្ឋ ដោយសារសមាសភាពកីឡាករចូលរួម ទាំងវិលជុំដណ្ដើមពាន ខ្សែក្រវាត់ និងគូប្រកួតមិត្តភាព សុទ្ធតែកីឡាករឆ្នើមៗ ពិសេសថ្នាលយុវជន ។ តាមរយៈនេះ ខ្ញុំអំពាវនាវបងប្អូនចូលរួមទស្សនាឲ្យបានច្រើន ដើម្បីជំរុញយុវជនថ្នាលបន្ដវេនឲ្យខិតខំប្រឹងប្រែងហ្វឹកហាត់ និងប្រកួតឲ្យបានកាន់តែខ្លាំងក្លាថែមទៀត ដើម្បីធ្វើឲ្យទំពាំងរបស់យើង ជាទំពាំងដែលមានគុណភាព ក្លាយជាឬស្សីដ៏រឹងមាំសម្រាប់ស្នងមរតកគុនខ្មែរយើងទៅថ្ងៃអនាគត ដែលយើងកំពុងមានទិសដៅដ៏វែងឆ្ងាយ និងមានវិសាលភាពធំធេងក្នុងការអភិវឌ្ឍន៍ទៅកាន់ពិភពលោក»

លោក ហាក់ សុខហេង នាយកគ្រប់គ្រងការផ្សាយទូរទស្សន៍ថោន បានលើកឡើងថា កម្មវិធីនេះធ្វើឡើងដើម្បីឆ្លើយតបតាមការស្នើសុំរបស់អ្នកគាំទ្រ ដែលចង់ឲ្យមានកម្មវិធីថ្នាលគុនខ្មែរ ដ្បិតស្ទើរគ្រប់សង្វៀនបច្ចុប្បន្ន មានសុទ្ធតែកីឡាករជួរមុខលំដាប់កម្រិត A និងកម្រិត B ។ ដូច្នេះដើម្បីជំរុញការប្រកួតកម្រិតថ្នាលនេះ ឲ្យទទួលបានជោគជ័យ លោកបានស្នើឲ្យប្រជាពលរដ្ឋ ក៏ដូចជាបណ្ដាញផ្សព្វផ្សាយទាំងអស់ ចូលរួមផ្សព្វផ្សាយ និងគាំទ្រពួកគេឲ្យបានផុសផុល ក្នុងន័យលើកទឹកចិត្តពួកគេឲ្យកាន់តែខំប្រឹងហាត់ និងប្រកួត ហើយក្លាយជាអ្នកបន្ដវេនដ៏មានសក្ដានុពលពីរាមច្បង និងរួមចំណែកជំរុញគុនខ្មែរកាន់តែល្បីល្បាញលើឆាកអន្ដរជាតិ។

ចំពោះកម្មវិធីប្រកួត Dragon Kun Khmer នៅថ្ងៃទី២៨ ខែកុម្ភៈនេះ គឺមានបេក្ខភាពប្រកួត 4 Men Tournament (51Kg) កម្រិតថ្នាល ៤រូប មានកីឡាករ វិបុល គុនខ្មែរ, ថៃ សុវណ្ណ, ឬទ្ធិ អាវុធ និង រិទ្ធ មច្ឆា ព្រមទាំងគូមិត្តភាពអន្ដរជាតិ ៣គូ គឺកីឡាករ សំអាត គុនខ្មែរ ជួបកីឡាករបារាំង Galex keo, កីឡាករ សម្ភស្ស គុនខ្មែរ ជួបកីឡាករស្កុតឡែន Frai Ser និងកីឡាករ ម៉ៅ ធារ៉ា ជួបកីឡាករមីយ៉ាន់ម៉ា Saw Jedidiah ។

រីឯនៅថ្ងៃទី១ ខែមីនា មានបេក្ខភាពគូប្រកួត 4 Men Tournament (52Kg) កម្រិតថ្នាល ៤រូប រួមមានកីឡាករ រស្មី គុនខ្មែរ, ឡៅ សៃណេត, ធន់ វិស្ណុ និងកីឡាករ ឡុង ពិសិដ្ឋ ព្រមទាំងគូមិត្តភាពអន្ដរជាតិគុនខ្មែរ ៤គូ គឺកីឡាករ អេ អាំម៉ារីនភូថង ជួបកីឡាករម៉ារុក Salman Chouay, សូត្រ វាសនា ជួបកីឡាករឡាវ Phetphuphan Sor.Singyai, សាវិន គុនខ្មែរ ជួបកីឡាករម៉ារុក Angelhamin និងកីឡាករ សែន ចាន់រិទ្ធីស័ក្ដ ជួបកីឡាករចិន Ma Zhenhao៕