(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញលិខិតជូនដំណឹងជម្រាបជូនដល់ប្រធានក្រុមហ៊ុន ជេ អី ហ្សេត ត្រេឌីង ឯ.ក ស្ដីពីការកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលគ្រឿងសម្អាងម៉ាក ECLADO របស់ក្រុមហ៊ុន ជេ អី ហ្សេត ត្រេឌីង ឯ.ក ក្នុងព្រះរាជាណាចក្រកម្ពុជា។
យោងតាមសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលគ្រឿងសម្អាងពាក់ម៉ាកខាងលើ របស់ក្រុមហ៊ុន ជេ អី ហ្សេត ត្រេឌីងឯ.ក ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានពីក្រុមហ៊ុន SONG, JI-YOON ដូចមានចែងក្នុងលិខិតប្រគល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខដែលក្រសួងបានតម្កល់ទុករួចហើយ។ លិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខនេះ មានសុពលភាពដោយគិតចាប់ពីថ្ងៃចុះហត្ថលេខា រហូតដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ ហើយអាចនឹងត្រូវបាត់បង់សុពលភាពជាស្វ័យប្រវត្តិ មុនកាលបរិច្ឆេទផុតកំណត់ខាងលើ ប្រសិនបើមានការជូនដំណឹងអំពីការបញ្ចប់សិទ្ធិពីក្រុមហ៊ុន SONG, JI-YOON ដែលជាម្ចាស់ម៉ាក។
ចាប់ពីក្រោយរយៈពេល ៩០ (កៅសិប) ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខាលើលិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខនេះ អ្នកទទួលសិទ្ធិស្របច្បាប់មានសិទ្ធិប្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការរារាំងទំនិញដែលនាំចូលស្របគ្នា។
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មខាងក្រោមនេះ៖