(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ដ្រសំខាន់ៗ ៧ចំណុច ដើម្បីជំរុញការអភិវឌ្ឍក្លាយជាកីឡាមានសក្ដានុពលនៅកម្ពុជា, នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់លោក ប៊ុយ សុភ័ណ្ណ ក្រោយទទួលបានការបោះឆ្នោតគាំទ្រធ្វើជាប្រធានសហព័ន្ធ អាណត្តិទី៨ ឆ្នាំ២០២៥-២០២៩ នៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៧ និងបន្ដអាណត្ដិថ្មី នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បន្ទាប់ពីប្រធានសហព័ន្ធចាស់ លោកវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន លាលែងពីតំណែង។

ក្នុងនាមអគ្គលេខាធិការអាណត្តិចាស់ មុនក្លាយជាប្រធានសហព័ន្ធថ្មី លោក ប៊ុយ សុភ័ណ្ណ បានរំលេចនូវសមិទ្ធផលជោគជ័យជាច្រើន ក្រោមការដឹកនាំខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ អាណត្តិចាស់រយៈពេល ៤ឆ្នាំកន្លងមក ទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស ការហ្វឹកហាត់ និងការប្រកួត ទាំងក្នុង និងក្រៅប្រទេស ពិសេសការទទួលបានមេដាយដ៏ច្រើនបំផុត ក្នុងប្រវត្តិសាស្ដ្រស៊ីហ្គេម ពោលគឺការដណ្ដើមមេដាយសរុប ៩គ្រឿង(មាស ១ ប្រាក់ ៣ និងសំរឹទ្ធ ៥) ក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ជាដើម។

ឆ្លើយតបជាមួយភាពជោគជ័យក្នុងអាណត្តិចាស់ និងត្រៀមបេសកកម្មសំខាន់ៗចំពោះមុខជាច្រើន សម្រាប់អាណត្ដិថ្មី ដោយយោងស្មារតីអង្គមហាសន្និបាតខាងលើ សហព័ន្ធបានចេញសេចក្ដីថ្លែងការរួម ដោយដាក់ចេញនូវទិសដៅការងារ និងគោលដៅយុទ្ធសាស្ដ្រសំខាន់ៗ សម្រាប់អាណត្តិទី៨ រួមមាន៖

១៖ រៀបចំផែនការយុទ្ធសាស្ត្រ ២០២៥-២០២៩ ដោយកំណត់បេសកកម្មគោលដៅយុទ្ធសាស្ត្រ និងសូនាករ វាស់វែងច្បាស់លាស់ ជាមួយយន្តការអនុវត្ត ត្រួតពិនិត្យ និងវាយតម្លៃ និងធានាប្រភពធនធានសមស្រប ក្រោមចក្ខុវិស័យ “អភិវឌ្ឍកីឡាប្រដាល់សកលឲ្យក្លាយជាប្រភេទកីឡាសក្តានុពល និងមានប្រជាប្រិយភាព នៅកម្ពុជា” ក្នុងទិសដៅដណ្តើមមេដាយក្នុងការប្រកួតកីឡាកម្រិតតំបន់ ទ្វីប និងពិភពលោក ពិសេសឈាន ទៅដណ្តើមមេដាយយ៉ាងតិច ១គ្រឿង ក្នុងការប្រកួតកីឡាយុវជនអាស៊ីហ្គេម លើកទី៤ ឆ្នាំ២០២៩ នៅកម្ពុជា។

២៖ ពង្រឹងយន្តការរដ្ឋបាល និងគ្រប់គ្រង ដើម្បីធានាប្រសិទ្ធភាពការងារដឹកនាំ ស្របតាមគោលការណ៍អភិបាលកិច្ចល្អ របស់សហព័ន្ធអន្តរជាតិ(IF) និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ។

៣៖ ស្វែងរកដៃគូរៀបចំការប្រកួតតាមរាជធានី ខេត្ត និងការបង្កើតការប្រកួតកម្រិតផ្ទាល និងយុវជនផ្ទាល់របស់សហព័ន្ធ ក៏ដូចជាបន្តឧបត្ថម្ភគាំទ្រដល់ក្លិបជាសមាជិកក្នុងទិសដៅ “ពង្រឹងគុណភាព និងបរិមាណក្លប”។

៤៖ អភិវឌ្ឍធនធានមនុស្សសហព័ន្ធ តាមរយៈការរៀបចំកម្មវិធីបណ្តុះបណ្តាលកម្រិតថ្នាក់ជាតិ អន្តរជាតិសម្រាប់ គ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីបច្ចេកទេស ក្នុងទិសដៅអភិវឌ្ឍមន្ត្រីបច្ចេកទេសកម្រិតអន្តរជាតិ ដើម្បីធានានូវការបង្វឹកប្រកបដោយគុណភាព ក៏ដូចជាសុក្រឹតភាព និងយុត្តិធម៌នៃការវិនិច្ឆ័យ។

៥៖ អភិវឌ្ឍគុណវុឌ្ឍកីឡាកម្រិតខ្ពស់ (High-Performance) ក្នុងក្រុមជម្រើសជាតិ តាមរយៈការពង្រឹងកម្មវិធី ហ្វឹកហាត់ស្របតាមស្តង់ដាអន្តរជាតិ បង្កើនកម្មវិធីបោះជំរុំហ្វឹកហាត់ និងផ្តល់ឱកាសចូលរួមប្រកួតកម្រិតជាតិ អន្តរជាតិជាប្រចាំ ដើម្បីពង្រឹងគុណផលត្រៀមការប្រកួតជើងឯកប្រចាំទ្វីបនិងពិភពលោក ការប្រកួតពហុកីឡា រួមមានកីឡាស៊ីហ្គេម កីឡាអាស៊ី និងអូឡាំពិកហ្គេម។

៦៖ បង្កើតបណ្ឌិតសភាប្រដាល់សកល "Boxing Academy” និងអភិវឌ្ឍកម្មវិធីជ្រើសរើសអត្តពលិកឆ្នើម សម្រាប់អភិវឌ្ឍអត្តពលិកផ្ទាល និងយុវជនកម្រិតខ្ពស់ ដើម្បីធ្វើការប្រមូលផ្តុំក្នុងក្រុមជម្រើសជាតិ ត្រៀមចូលរួមការប្រកួតកីឡាយុវជនអាស៊ីហ្គេម លើកទី៤ ឆ្នាំ២០២៩ នៅកម្ពុជា។

៧៖ អភិវឌ្ឍប្រដាល់សកលអាជីព "Professional Boxing” តាមរយៈការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយគណៈកម្មការប្រដាល់សកលអាជីពកម្ពុជា និងបណ្តាសហព័ន្ធប្រដាល់សកលអាជីពពិភពលោកក្នុងការ រៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់សកលអាជីពកម្រិតជាតិ-អន្តរជាតិ និងការបញ្ជូនអត្តពលិកចូលរួមការប្រកួត ប្រដាល់សកលអាជីពនៅក្រៅប្រទេស ដើម្បីពង្រឹងគុណផល និងបង្កើនប្រាក់ចំណូលបន្ថែមដល់អត្តពលិក។

គួរដឹងថា សមាភាពក្បាលម៉ាស៊ីនសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា អាណត្តិទី៨ ដែលដឹកនាំដោយលោក ប៊ុយ សុភ័ណ្ឌ មានសមាជិកគណៈកម្មាធិការប្រតិបត្តិសរុបចំនួន ១១នាក់ ក្នុងនោះមានអនុប្រធាន ៣រូប, អគ្គលេខាធិការ និងអគ្គលេខាធិការង ៣រូប, អគ្គហេរញ្ញិក ១រូប និងសមាជិក ៣រូប ។ ដោយឡែកលោកសាស្ដ្រាចារ្យវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ត្រូវបានអង្គមហាសន្និបាតសម្រេចបោះឆ្នោតជាប្រធានកិត្តិយសផងដែរ៕