(សេអ៊ូល)៖ សម្រាប់ការប្រជែងដេញថ្លៃទទួលសិទ្ធិធ្វើម្ចាស់ផ្ទះការប្រកួតដណ្តើមពានរង្វាន់ Asian Cup 2031 ពេលនេះបានការកើនឡើងកម្តៅ បន្ទាប់ពីសមាគមកីឡាបាល់ទាត់កូរ៉េខាងត្បូង បានឱ្យដឹងថាបានដាក់លិខិត ដើម្បីប្រជែងតំណែងម្ចាស់ផ្ទះរៀបចំការប្រកួតនេះ ទៅកាន់សហព័ន្ធកីឡាបាល់ទាត់អាស៊ី Asian Football Confederation (AFC) ។
សមាគមកីឡាបាល់ទាត់កូរ៉េខាងត្បូង KFA បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃទី២៨ ខែកុម្ភៈនេះថា បានដាក់ការបង្ហាញចំណាប់អារម្មណ៍ក្នុងការធ្វើជាម្ចាស់ផ្ទះ ទៅកាន់សហព័ន្ធកីឡាបាល់ទាត់អាស៊ី កាលពីថ្ងៃទី២៧ ខែកុម្ភៈនេះ សម្រាប់ពានរង្វាន់ AFC Asian Cup 2031។
សូមជម្រាបផងថា សម្រាប់បច្ចុប្បន្នប្រទេសដែលបានដាក់ស្នើដេញថ្លៃរៀបចំព្រឹត្តិការណ៍ Asian Cup 2031 បានឈានដល់ទៅ ៨ប្រទេសហើយ មានដូចជាប្រទេសឥណ្ឌូនេស៊ី, គុយវ៉ែត, អេមីរ៉ាតអារ៉ាប់រួម, អូស្ត្រាលី និងសហម្ចាស់រួមគ្នារវាងប្រទេស តាជីកីស្ថាន, អ៊ូសបេគីស្ថាន និងកៀហ្ស៊ីស៊ីស្ថាន ហើយចុងក្រោយកូរ៉េខាងត្បូង ដែលមានសក្តានុពលចំពោះការដេញថ្លៃនេះ ។
កូរ៉េខាងត្បូង ធ្លាប់បានធ្វើជាម្ចាស់ផ្ទះការប្រជែងពានតំបន់អាស៊ីនេះចុងក្រោយក្នុងឆ្នាំ១៩៦០ ដែលពេលនោះមានត្រឹម ៤ក្រុមចូលរួមប្រកួត មានប្រទេសអ៊ីស្រាអែល, វៀតណាមខាងត្បូង និងតៃវ៉ាន់ ពេលស្ថិតក្រោមសាធារណៈរដ្ឋចិន ។
កូរ៉េខាងត្បូង អាចនឹងក្លាយជាបេក្ខភាពដេញថ្លៃមួយក៏ស្វិតស្វាញសម្រាប់តំណែងម្ចាស់ផ្ទះ Asian Cup 2031 ក្នុងនាមជាប្រទេសមានហេដ្ឋារចនាសម្ព័ន្ធបាល់ទាត់ដ៏ល្អឥតខ្ចោះមួយក្នុងតំបន់ ដែលភាគច្រើននៃហេដ្ឋារចនាសម្ព័ន្ធ ឬទីលានត្រូវបានសាងសង់ឡើង សម្រាប់ធ្វើជាសហម្ចាស់ផ្ទះជាមួយជប៉ុន ក្នុងរៀបចំការប្រកួត FIFA World Cup 2002 ។
ខណៈម្ចាស់ផ្ទះមានសិទ្ធិរៀបចំការប្រកួត Asian Cup 2031 នឹងត្រូវបានវាយតម្លៃពីស្ថាប័ន AFC ដែលត្រូវបង្ហាញនៅឆ្នាំ២០២៦ មុនពេលអារ៉ាប៊ីសាអូឌីត រៀបចំចាប់ពីថ្ងៃទី០៧ ខែមករា រហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៧ ហើយកូរ៉េខាងត្បូង ធ្លាប់ជាម្ចាស់ពាននេះនៅការរៀបចំ ២លើកដំបូង៕