(លីវើភូល)៖ ក្លិបបាល់ទាត់អាជីព Liverpool បានរាយការណ៍ពីការខាតបង់ប្រាក់ចំណូលមុនបង់ពន្ធមានចំនួន ៥៧លានផោន គិតត្រឹមថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២៤ មានការកើនឡើងបើប្រៀបធៀបនឹង ១២ខែមុនមានចំនួន ៤៨លានផោន។
ទោះជាយ៉ាងណាក៏ដោយ ប្រាក់ចំណូលនៃក្លិបលេងនៅ Premier League មួយនេះមានការកើនឡើងពី ២០លានផោន ដល់ ៦១៤លានផោននៃរដូវកាលមុន គ្រាដែលចំណូលដែលបានពីពាណិជ្ជកម្មក៏មានការកើនឡើងពី ៣៦លានផោន ដល់ទៅ ៣០៨លានផោនផងដែរ។
នេះក៏ជាលើកដំបូងផងដែរ ដែលហង្សក្រហមបានរាយការណ៍ពីប្រាក់ចំណូលពាណិជ្ជកម្មមានការកើនឡើងលើសពី ៣០០លានផោន ទំនងមកពីកំណើនដៃគូសហការ និងការលក់រាយ។
ជាការកត់សម្គាល់នារដូវកាលមុន ឆ្នាំ២០២៣-២៤ ស្ថិតក្រោមការដឹកនាំដោយលោក Jurgen Klopp, Liverpool បានឈ្នះជើងឯក League Cup ជាមួយនឹងការបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ ក្នុងលីគ Premier League។ ពួកគេបានឈានដល់វគ្គ ៨ក្រុមពាន FA Cup និង Europa League ទៀតផង៕