(មេនឆេស្ទើ)៖ ខ្សែបម្រើ Rodri ម្ចាស់ពានឯកត្តជន Ballon d’Or 2024 បានចេញហ្វឹកហាត់ជាលក្ខណៈឯកជនលើកដំបូង ក្រោយជួបបញ្ហារបួសជង្គង់ធ្ងន់ធ្ងរ។
កីឡាករអន្តរជាតិអេស្ប៉ាញ វ័យ ២៨ឆ្នាំរូបនេះ បានចេញហ្វឹកហាត់ម្នាក់ឯងនៅកីឡដ្ឋាន Etihad របស់មេឃខៀវ Manchester City កាលពីថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ គិតចាប់តាំងពីរបួសជង្គង់ ដាច់សរសៃ ACL នាអំឡុងខែកញ្ញាឆ្នាំទៅ។
ការអវត្តមានសមាជិកជើងឯក Euro 2024 ជាមួយអេស្ប៉ាញរូបនេះ បានញាំងឱ្យក្រុមជើងឯកលីគអង់គ្លេស City ដាច់ឆ្ងាយដល់ទៅ ២០ពិន្ទុបច្ចុប្បន្នពីក្រុមកំពូលតារាង Liverpool និងជ្រុះចេញពី UEFA Champions League ក្នុងពូលថែមទៀតផង។
លោក Pep Guardiola អ្នកចាត់ការទូទៅ City ធ្លាប់បានថ្លែងថា «រឿងដែលសំខាន់បំផុតសម្រាប់ Rodri នៅពេលនេះ គឺបានធូរស្បើយច្រើនហើយ ទៅតាមដំណាក់កាលម្តងបនិ្តចៗ»៕