(សៀមរាប)៖ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៤ ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាបានជួសជុលតួប៉មខាងត្បូង និងទល់ទ្រតួប៉មកណ្តាលនៃប្រាសាទត្រពាំងខ្យង ឬបន្ទាយខ្យង និងបានបញ្ចប់ក្នុងដំណាក់កាលទី១ នៅចុងឆ្នាំ២០២៤ កន្លងមក។

លោក សូ រ៉ាវី មន្ត្រីបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការខូចខាតប្រាសាទត្រពាំងខ្យង ឬបន្ទាយខ្យង ដោយសារកត្តាអាយុកាល កត្តាមនុស្ស សង្គ្រាម និងធម្មជាតិជាដើម។ តួប៉មទាំងបីសាងសង់ពីឥដ្ឋ ខឿនសង់ពីថ្មបាយក្រៀម ហើយតួប៉មខាងជើងបានខូចខាតបាក់រលុះដល់គ្រឹះ តួប៉មកណ្តាលនៅសេសសល់តែជញ្ជាំងជ្រុងនិរតី និងតួប៉មខាងត្បូង នៅរក្សារូបរាងនៅស្ទើតែពេញលេញ មានកម្ពស់៧ម៉ែត្រ ទទឹង៤.១៥ម៉ែត្របួនជ្រុង។ លើសពីនេះ រចនាសម្ពន្ធផ្សេងៗនៃប្រាសាទនេះក៏រងការខូចខាតដោយអន្លើ។ នៅដំណាក់កាលទី១ អាជ្ញាធរជាតិអប្សរា ជួសជុលពង្រឹងតួប៉មខាងត្បូង និងទល់ទ្រជញ្ជាំងតួប៉មកណ្តាល។

លោក រ៉ាវី បន្តថា ក្រុមការងារបានធ្វើសម្រង់ប្លង់ ធ្វើកំណាយកាយកំណកដីដែលចាក់បង្គរជុំវិញខឿន។ ការជួសជុលប្រើបច្ចេកទេស អាណាឡូជី (Analogy) គឺចម្លងតាមទម្រង់ដើមផ្នែកដែលនៅសេសសល់បំពេញទីតាំងដែលខូចខាតឬបាត់បង់។ ការជួសជុលត្រូវបានធ្វើឡើងដោយយកចិត្តទុកដាក់ ដើម្បភាពរឹងមាំនៃប្រាសាទនេះឡើងវិញ។ អ្នកជំនាញរូបនេះបញ្ជាក់ថា ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់លើការងារជួសជុល អភិរក្សបុរាណដ្ឋាន មិនថានៅជិតឬឆ្ងាយនោះឡើយ ដើម្បីថែរក្សាកេរមរតកដូនតាខ្មែរឱ្យគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។

ប្រាសាទត្រពាំងខ្យង មានចម្ងាយប្រមាណ៣២គីឡូម៉ែត្រពីក្រុងអង្គរ ស្ថិតនៅភូមិស្នាសង្រ្គាម សង្កាត់បល្ល័ង្ក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាម។ ប្រាសាទនេះជាប្រាសាទមួយក្នុងចំណោមប្រាសាទបី រួមមាន៖ ប្រាសាទត្រពាំងខ្យង ប្រាសាទសេកតាទុយ និងប្រាសាទបន្ទាយស្រី។ ជាស្ថាបត្យកម្មដែលមានរចនាបថល្អវិចិត្រ ប្រាសាទត្រពាំងខ្យងកសាងដោយព្រះរាជគ្រូនាម យជ្ញវរាហ ក្នុងរាជវ្រះបាទស្រីរាជេន្ទ្រវម៌្មទេវ-ទី២ (ព្រះបាទរាជេន្ទ្រវរ្ម័នទី២) និងវ្រះបាទស្រីជយវម៌្មទេវ-ទី៥ (ព្រះបាទជ័យវរ្ម័នទី៥) អំឡុងសតវត្សទី១០៕