(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៥ ក្នុងពិធីបើកការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ដើម្បីជ្រើសរើស ជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៥ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំឲ្យសិស្សានុសិស្ស យុវជន ងាកមកស្រឡាញ់វិស័យអប់រំកាយ និងកីឡា ព្រោះវិស័យនេះបានរួមចំណែកកាត់បន្ថយភាពអសកម្ម និងអំពើអបាយមុខក្នុងសង្គម ដូចជា ការសេពគ្រឿងញៀន ការលេងល្បែងស៊ីសង អំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គមជាតិ។

អភិបាលខេត្ត បានបន្តថា រដ្ឋបាលខេត្តកំពង់ចាម តែងតែបានយកចិត្តទុកដាក់លើការងារអប់រំកាយ និងកីឡា ដែលជាសមាសភាពមួយមិនអាចខ្វះបាន ក្នុងចំណោមសមាសភាគទាំងប្រាំនៃវិស័យអប់រំសំដៅកសាងកាយសម្បទារឹងមាំ មានសុខភាពល្អពន្លឿនការសិក្សាឱ្យមាននិរន្តរភាព។

ម៉្យាងទៀតការប្រកួតកីឡា គឺជាពិធីជួបជុំគ្នាមួយរវាងកីឡាករ កីឡាការិនី ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងន័យសាមគ្គីភាព មិត្តភាព និងចេះអធ្យាស្រ័យគ្នាទៅវិញទៅមក។ មិនតែប៉ុណ្ណោះវេទិកាកីឡា គឺជាកាលានុវត្តភាពប្រកបដោយសមធម៌ដែលផ្ដល់ឱ្យកីឡាករ កីឡាការិនី និងគូប្រកួតមានឱកាសសាកល្បង និងបញ្ចេញសមត្ថភាព បច្ចេកទេស ទេពកោសល្យ និងកលល្បិចរៀងៗខ្លួន ដើម្បីទទួលបានលទ្ធផលកីឡាទៅតាម បទបញ្ហាបច្ចេកទេសនៃវិញ្ញាសានីមួយៗ។

អភិបាលខេត្ត បានថ្លែងទៀតថា នេះជាមូលដ្ឋានគ្រឹះ នៃការគោរព វិន័យ រក្សាសណ្តាប់ធ្នាប់ សេចក្ដីថ្លៃថ្នូរ និងកិត្តិយស ដែលជាការចាប់ផ្តើមកសាងវប្បធម៌សន្តិភាព ចេះរួមរស់ជាមួយគ្នា ចេះសាមគ្គីភាពគ្នា។ ម៉្យាងទៀតកីឡាក៏ជាសេវាសុខភាពមានតម្លៃស្មើនឹងសេវាសុខាភិបាលដូច្នោះដែរ។

លោកថា វាជាប្រការសំខាន់ណាស់សម្រាប់ក្មួយៗសិស្សានុសិស្ស ស្ថិតក្នុងវ័យសិក្សា ដែលចាំបាច់ត្រូវតែខិតខំកសាងខ្លួនឱ្យក្លាយជា «កូនល្អ សិស្សល្អ និងមិត្តល្អ» ដើម្បីក្លាយខ្លួនជា ពលរដ្ឋល្អ ទៅថ្ងៃអនាគត កត្តានេះក្មួយៗ សិស្សានុសិស្សទាំងអស់ ត្រូវបណ្តុះឱ្យបាននូវសម្បត្តិទាំង៤ក្នុងជីវិត រួមមាន៖

*ទី១៖ សម្បត្តិផ្លូវកាយ
*ទី២៖ សម្បត្តិបញ្ញា
*ទី៣៖ សម្បត្តិសីលធម៌
*ទី៤៖ សម្បត្តិទ្រព្យ ទើបឆ្លើយតបបានទៅនឹងការកសាងធនធានមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត។

សម្តេចតែងតែបានយកចិត្តទុកដាក់ និងផ្ដល់ការលើកទឹកចិត្តជានិច្ចចំពោះវិស័យកីឡាជាតិ ព្រមទាំងបានផ្តល់ប្រាក់រង្វាន់ជ័យលាភីយ៉ាងច្រើន ដល់ជ័យលាភីកីឡាលើឆាកអន្តរជាតិផងដែរ៕