(ភ្នំពេញ)៖ នៅពហុកីឡាដ្ឋានអូឡាំពិក នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ លោកបណ្ឌិត សោម ចិន តំណាងរាស្រ្តមណ្ឌលខេត្តកំពត អនុប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងជាប្រធានក្លិបកីឡាប៊ូល និងប៉េតង់សន្តិភាព បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួត ពានរង្វាន់ «ឯកឧត្តមបណ្ឌិត សោម ចិន កីឡាប៊ូល និងប៉េតង់សន្តិភាពវ័យចាស់»។
ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត បានជម្រាបជូន ពីគោលបំណងពីការរៀបចំការប្រកួតកីឡាប៊ូល និងប៉េតង់វ័យចាស់នេះរួមមាន៖
*ទី១៖ ដើម្បីអបអរសាទរខួបលើកទី១១៤ ទីវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប»។
*ទី២៖ ដើម្បីចូលរួមរក្សាការពារសន្តិភាព ស្របតាមពាក្យស្លោក «កីឡារស់ ក្នុងសន្តិភាព»។
*ទី៣៖ ដើម្បីចូលរួមលើកកម្ពស់សុខភាពរបស់កីឡាករវ័យចាស់។
*ទី៤៖ ដើម្បីមិត្តភាព និងសាមគ្គីភាព រវាងកីឡាករ និងកីឡាករ។
*ទី៥៖ ដើម្បីជាស្ពានចម្លងដល់យុវជនជំនាន់ក្រោយ ក្នុងការចូលរួមចាប់យកកីឡា និងចៀសឆ្ងាយពីគ្រឿងញៀន៕