(បរទេស)៖ ក្រុមហ៊ុន Microsoft បានបញ្ជាក់ឲ្យដឹងថា សេវាកម្ម ឬ កម្មវិធី Skype នឹងត្រូវបិទនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោយហេតុផលមួយចំនួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥។
Skype ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៣ និងចាប់ផ្តើមផ្ទុះខ្លាំងទៅលើសេវាកម្មខលជាសំឡេង និងវីដេអូ ហើយត្រូវបានក្រុមហ៊ុន Microsoft ទិញយកនៅឆ្នាំ ២០១១ ក្នុងតម្លៃ ៨.៥ពាន់លានដុល្លារអាមេរិក និងមានអ្នកប្រើប្រាស់ ១៥០លាននាក់នៅជុំវិញពិភពលោក។
យោងតាមប្រភពជាច្រើនបានឲ្យដឹងថា ក្រុមហ៊ុន Microsoft បិទសេវាកម្ម Skype ដោយសារតែធ្លាក់ចំណូល និង Microsoft មានសេវាកម្មថ្មីរបស់ខ្លួនដែលមានឈ្មោះថា Microsoft Teams ខណៈដែលប្រភពជាច្រើនបានឲ្យដឹងថា Microsoft Teams គឺបានបំប្លែងខ្លួនពី Skype មក។ ប៉ុន្តែក្រុមអ្នកជំនាញបានបញ្ជាក់ថា បច្ចេកទេសរបស់ Skype មិនសាកសមនឹងយុគសម័យបច្ចុប្បន្ន ដូច្នេះទើប Microsoft បញ្ចប់អាជីវកម្មមួយនេះ។
នៅពេលជំងឺរាតត្បាតកូដវីដ ១៩ កំពុងផ្ទុះ កម្មវិធី Skype មិនត្រូវបានគេប្រើសម្រាប់អាជីវកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃឡើង ប៉ុន្តែក្រុមហ៊ុន Zoom បែបជាផ្ទុះអ្នកប្រើប្រាស់ រហូតដល់ Microsoft ដាក់ចេញ Microsoft Teams ប៉ុន្តែនៅតែមិនអាចដណ្ដើមប្រជាប្រិយភាពពី Zoom បានឡើយ។
ពាក់ព័ន្ធនឹងការបិទនេះ មិនត្រូវបានក្រុមហ៊ុន Microsoft បានបញ្ជាក់ឲ្យដឹងថា នឹងមានផលប៉ះពាល់ដល់អ្នកប្រើប្រាស់ និងបុគ្គលិកប៉ុន្មានឡើយ៕