(ម៉ាឌ្រីដ)៖ Atletico Madrid បានឡើងទៅឈរទីកំពូលតារាងលីគអេស្ប៉ាញ La Liga ជាលើកដំបូងក្នុងរដូវកាលឆ្នាំ២០២៤-២៥ នេះ បន្ទាប់ពីយកឈ្នះក្រុមភ្ញៀវ Athletic Bilbao ១-០ នាយប់មិញនេះ។

១គ្រាប់ជ័យជម្នះយកបាន ៣ពិន្ទុនោះដែរ ធ្វើបានដោយកីឡាករ Julian Alvarez នៅនាទី៦៦ នៅពេលទទួលបាល់ពីមិត្តរួមក្រុម Marcos Llorente នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជាង ៦ម៉ឺននាក់កាលពីរាត្រីថ្ងៃសៅរ៍ ទី០១ ខែមីនា។

អតីតខ្សែប្រយុទ្ធមកពី Man City រូបនេះ រកបាន ២១គ្រាប់ ពីការចូលលេងបាន ៤០ប្រកួតគ្រប់កម្មវិធីជាមួយ Atletico និងជាគ្រាប់ទី១០ របស់ Alvarez ផងដែរសម្រាប់រដូវកាលនេះ ក្នុងលីគ La Liga។

ក្នុងប្រកួតនោះដែរ ក្រុមភ្ញៀវ Athletic Club ក៏មានឱកាសតាមស្មើដែរ នៅពេលកីឡាករ Benat Prados តែតប៉ះបង្គោលទី និង Inaki Williams ស៊ុតទៅប៉ះរបារទីទៀត ដ្បិតស្ថិតក្នុងជំហរក្រៅល្បែងទៀតនោះ។

Atletico នាំមុខទីកំពូលតារាង ២ពិន្ទុពីក្រុមលេខ២ FC Barcelona ដែលត្រូវលេងទល់នឹង Real Sociedad នៅរាត្រីថ្ងៃចន្ទនេះ ក្រោយពេលក្រុមការពារតំណែងជើងឯក Real Madrid បានចាញ់ម្ចាស់ផ្ទះ Real Betis ២-១ យប់មិញ៕