(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន លើកទី១០ ឆ្នាំ២០២៥ បានប្រារព្ធពិធីបើកការប្រកួតជាផ្លូវការហើយ នៅល្ងាចថ្ងៃទី១ ខែមីនា នៅកីឡដ្ឋានស្ដាតចាស់ ក្រោមវត្តមានលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ហើយលោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការបំបែកកំណត់ត្រាក្រុមចូលរួម ដែលកើនដល់ ៣៥ក្រុមផងដែរ។

ថ្លែងក្នុងពិធីបើកការប្រកួតខាងលើ លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នទាំងអស់ ដែលបានគាំទ្រ និងអនុញ្ញាតឲ្យមានក្រុមកីឡាករបានចូលរួមការប្រកួតនេះ ។ លោកបន្ដថា «ខ្ញុំសូមវាយតម្លៃខ្ពស់ ដោយឆ្នាំ២០១៣ យើងមានត្រឹម ៩ក្រុមទេ តែដល់ឆ្នាំ២០២៥ នេះយើងឡើងដល់ ៣៥ក្រុម ។ នេះគឺអ្វីមួយ ដែលយើងគួរតែអបអរសាទរ ចំពោះអ្វីដែលជាខួប ១០ឆ្នាំ នៃពានរង្វាន់របស់យើង»

លោកបន្ថែមថា បេសកកម្ម ស.ស.យ.ក បានផ្ដួចផ្ដើមគាំទ្រ និងសហការរៀបចំកម្មវិធីជាបន្ដបន្ទាប់ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ទាំងលើវិស័យអប់រំ ការងារសង្គម និងស្ម័គ្រចិត្ត ការលើកតម្កើនការងារវប្បធម៌ប្រវត្តិសាស្ដ្រ និងពង្រឹងសាមគ្គីភាពជាមួយស្ថាប័នជាតិ និងអន្ដរជាតិជាដើម ។ ចំពោះវិស័យកីឡា ស.ស.យ.ក បានរៀបចំប្រកួតកីឡាជាបន្ដបន្ទាន់ ក្នុងស្មារតីបំផុសចលនាយុវជនឲ្យចូលចិត្ត និងស្រាលាញ់កីឡា ដើម្បីសុខភាព និងចៀសវាងយកពេលវេលាទៅប្រព្រឹត្តអំពើអបាយមុខផ្សេងៗ។

យោងតាមរបាយការណ៍លោក សុខ សប្បាយណា ប្រធានគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ បានឲ្យដឹងថា រយៈពេល ១០ឆ្នាំកន្លងមក ពានរង្វាន់មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន មានកំណើនក្រុមចូលរួមជាបន្ដបន្ទាប់ តាំងពីឆ្នាំ២០១៣ ដែលបង្កើតឡើងដំបូងមានត្រឹម ៩ក្រុមចូលរួម តែបច្ចុប្បន្នបានកើនដល់ ៣៥ក្រុម ដែលជាកំណត់ត្រាថ្មីមួយទៀត ធៀបនឹងឆ្នាំ២០២៤ មានត្រឹម ៣៤ក្រុមចូលរួម។

លោកថា ពាននេះ ពិតជាបានផ្ដល់សារៈសំខាន់ ក្នុងការលើកកម្ពស់ និងពង្រីកចំណងមិត្តភាព សាមគ្គីភា រវាងយុវជន ដែលជាមន្ដ្រីរាជការតាមបណ្ដាក្រសួង-ស្ថាប័ន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរ រលូន ប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យបន្ថែមទៀត ស្របតាមចក្ខុវិស័យរបស់លោក ហ៊ុន ម៉ានី ដែលចង់ឲ្យកីឡាករ ជាមន្ដ្រីរាជការទាំងអស់ ក្លាយជាអ្នកកាទូតរបស់ក្រសួង-ស្ថាប័នរបស់ខ្លួន ក្នុងការប្រាស្រ័យទាក់ទងគ្នា តាមរយៈព្រឹត្តិការណ៍នេះ។

គួរដឹងថា ពានរង្វាន់មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន លើកទី១០ ឆ្នាំ២០២៥ គ្រោងប្រើពេលជិត ៣ខែ ដោយបេក្ខភាពចូលរួមប្រកួតទាំង ៣៥ក្រុម ត្រូវបានបែងចែកជា ៨ពូល ក្នុងពូលA, B, C, D និងពូលE គឺមាន ៤ក្រុមស្មើគ្នាក្នុងមួយពូល គ្រាដែលពូលF, ពូលG និងពូលH មាន ៥ក្រុមដូចគ្នា ដើម្បីធ្វើការប្រកួតជម្រុះស្វែងរកក្រុមលេខ១ និងលេខ២ ប្រចាំពូលនីមួយៗឡើងវគ្គ ១៦ក្រុមចុងក្រោយ និងវគ្គបន្ដបន្ទាប់ ។ រីឯលទ្ធផលប្រកួតបើកឆាកពូកA ២គូ ក្រុមការពារតំណែងជើងឯកក្រសួងអប់រំ យុវជន និងកីឡា បានចាញ់ក្រសួងការពារជាតិ ១-០ និងក្រុមគណៈមេធាវី បានយកឈ្នះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ៣-២៕