(ភ្នំពេញ)៖ ការបំពេញការងាររបស់កម្មករនិយោជិត គឺធ្វើឡើយតាមរយៈការព្រមព្រៀងគ្នាជាមួយនិយោជក ទាំងការព្រមពៀងលើប្រាក់ឈ្នួល ថិរវេលានៃការបំពេញការងារ សិទ្ធិ និងកាតព្វកិច្ច ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតផងដែរ ។
ខ្សែច្រវាក់ផលិតកម្មការងារ ឬអាជីវកម្មនៅតាមគ្រឹះស្ថាន ស្ថាប័ន រោងចក្រនីមួយៗ តែងតែមានការឡើងចុះទៅតាមតម្រូវការជាក់ស្ដែងរបស់អតិថិជន ហេតុនេះ ម្ចាស់គ្រឹះស្ថាន ស្ថាប័ន រោងចក្រ ចាំបាច់តម្រូវឱ្យកម្មករនិយោជិតថែមម៉ោងបំពេញការងារ ដើម្បីអាចផ្ដល់សេវាកម្មរបស់ខ្លួនដល់អតិថិជនបានទាន់ពេលវេលា ។ ការបំពេញការងារថែមម៉ោងត្រូវបានច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជា យកចិត្តទុកដាក់ជាខ្លាំង ដើម្បីបង្ការក៏ដូចជារក្សាឱ្យបាននូវតុល្យភាពក្នុងការបំពេញការងាររវាងនិយោជក និងកម្មករនិយោជិត ព្រមទាំងសុខុមាលភាពរបស់កម្មករនិយោជិត និងកាត់បន្ថយភាពតានតឹងក្នុងការបំពេញការងារដែលលើសដែនកំណត់ ដោយបានអនុញ្ញាតឱ្យមានពេលវេលាសម្រាកគ្រប់គ្រាន់ក្រៅម៉ោងធ្វើការ ក្នុងការបង្ការគ្រោះថ្នាក់ជាយថាហេតុ ។
ដូច្នេះតើអ្វីទៅជា «ថិរវេលាធ្វើការ»? មួយថ្ងៃ តើកម្មករនិយោជិតត្រូវបំពេញការងារប៉ុន្មានម៉ោង ?
ដូចនេះដើម្បីយល់ឱ្យកាន់តែច្បាស់អំពី «ថិរវេលាធ្វើការ» សម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នឹងធ្វើការចែករំលែកជូនសាធារណជន សិស្ស និងនិស្សិតទាំងអស់គ្នាដូចខាងក្រោម៖
យោងតាមមាត្រា ១៣៧ នៃច្បាប់ស្តីពីការងារ បានចែងថា ក្នុងគ្រឹះសា្ថនប្រភេទណាក៏ដោយ ទោះបីគ្រឹះស្ថាននោះមានលក្ខណៈជាការសិក្សាវិជា្ជជីវៈ ឬជាកិច្ចកុសល ព្រមទាំងនៅក្នុងវិជ្ជាជីវៈសេរីក៏ដោយ ថិរវេលាធ្វើការពេញលេញនៃកម្មករនិយោជិតទាំងពីរភេទមិនត្រូវលើសពីប្រាំបីម៉ោងក្នុងមួយថ្ងៃ ឬសែសិបប្រាំបីម៉ោងក្នុងមួយអាទិត្យឡើយ ។
ដូច្នេះស្របតាមស្មារតីនៃមាត្រានេះ បើគិតជាធម្មតា គឺកម្មករនិយោជិត ត្រូវធ្វើការមួយថ្ងៃ ៨ (ប្រាំបី) ម៉ោង ហើយមួយសប្ដាហ៍ ធ្វើការចំនួន ៦ (ប្រាំមួយ) ថ្ងៃ ។ បន្ថែមពីនេះស្មារតីនៃតាមមាត្រា ១៣៨ ថ្មី នៃច្បាប់ស្ដីពីការងារ ក៏បានកំណត់យ៉ាងច្បាស់អំពីរបៀបបែងចែកពេលធ្វើការ គឺគ្រឹះស្ថាន សហគ្រាស ឬរោងចក្រនីមួយៗ ដែលអាចមានដំណើរការអាជីវកម្ម សេវាកម្ម លើសពី ១ (មួយ) វេន ក្នុង ១ (មួយ) ថ្ងៃ ពោលអាចតម្រូវការរហូតដល់ ៣ (បី) វេន ក្នុងមួយថ្ងៃ ត្រង់ចំណុចនេះប្រសិនបើនិយោជកមានតម្រូវការកម្មករនិយោជិត ២៤ (ម្ភៃបួន) ម៉ោង លើ ២៤ (ម្ភៃបួន) ម៉ោង ក្នុងមួយថ្ងៃ គឺជាក់ស្តែងច្បាប់បានបើកសិទ្ធិដល់និយោជកមានសិទ្ធិ និងសេរីភាពក្នុងការកំណត់របៀបចែកពេលធ្វើការរបស់កម្មករនិយោជិត ទៅតាមប្រភេទ និងទំហំ ឬតម្រូវការជាក់ស្ដែងរបស់ខ្លួន ដោយអាចបែងចែងវេនបំពេញការងាររបស់កម្មករនិយោជិត ជា ៣(បី) វេន តាមតម្រូវការ ដោយមានជាវេនព្រឹក វេនរសៀល និងវេនយប់ ប៉ុន្តែការបែងចែកពេលវេលាធ្វើការនេះមិនត្រូវអនុវត្តផ្ទុយពីអ្វីដែលច្បាប់បានកំណត់ត្រង់មានត្រា ១៣៧ ខាងលើនោះឡើយ ។
ឧទាហរណ៍៖ មន្ទីរពេទ្យ គឺតម្រូវឱ្យមានពេទ្យប្រចាំការ ២៤ (ម្ភៃបួន) ម៉ោងក្នុងមួយថ្ងៃ ។ ដូច្នេះម្ចាស់គ្លីនិក ឬស្ថាប័នអាចបែងចែកបុគ្គលិករបស់ខ្លួនបំពេញការងារជា ៣ (បី) វេន ដាក់ដោយឡែកពីគ្នា គឺមានវេនពេលព្រឹក វេនរសៀល និង វេនយប់ ហើយបុគ្គលិកក្នុងមួយៗវេនត្រូវបំពេញការងារត្រឹមចំនួន ៨ (ប្រាំបី) ម៉ោងក្នុងមួយថ្ងៃ ។
ចំពោះថិរវេលាធ្វើការដែលបានបញ្ជាក់ និងឧទាហរណ៍ជូនខាងលើ និយោកជកអាចស្នើសុំឱ្យកម្មករនិយោជិតបំពេញការងារបន្ថែមម៉ោងឱ្យខ្លួនបានផងដែរ ដែលមានប្បញ្ញត្តិនៅក្នុងមាត្រា ១៣៩ បានចែងថា «ក្នុងករណីមានកិច្ចការប្រញាប់ខុសធម្មតាតម្រូវឱ្យកម្មករនិយោជិតធ្វើការបន្ថែមក្រៅម៉ោងពេ លធម្មតា ម៉ោងពេលបន្ថែមទាំងនេះ ត្រូវឱ្យឈ្នួលតាមអត្រាតម្លើង ហាសិបភាគរយ ។ ប្រសិនបើធ្វើការបន្ថែមនៅពេលយប់ ឬ នៅថ្ងៃឈប់សំរាកប្រចាំសប្តាហ៍ ត្រូវផ្តល់ប្រាក់បន្ថែមតាមអត្រាតម្លើងមួយរយភាគរយ» ។
សូមបញ្ជាក់បន្ថែមផងដែរថា ការបន្ថែមម៉ោងធ្វើការ គឺត្រូវធ្វើឡើងដោយការស្ម័គ្រចិត្ត និងមិនមានការបង្ខិតបង្ខំ ឬដាក់សម្ពាធណាមួយពីនិយោជកឡើយ ហើយក្នុងករណីដែលកម្មករនិយោជិតមិនចង់បំពេញការងារថែមម៉ោង គឺកម្មករនិយោជិតខ្លួនឯងមានសិទ្ធិក្នុងការបដិសេធបាន ដោយពុំមានការកាត់ប្រាក់ឈ្មួល ឬទណ្ឌកម្មនោះទេ ។
សរុបសេចក្តីមក ថិរវេលាធ្វើការ គឺជាចំនួនម៉ោង និងវេនបំពេញការងាររបស់កម្មករនិយោជិត ដែលច្បាប់បានកំណត់ម៉ោងបំពេញការងារធម្មតាគឺ ០៨ (ប្រាំបី) ម៉ោងក្នុងមួយថ្ងៃ និង ០៦ (ប្រាំមួយ) ថ្ងៃ ក្នុងមួយសប្តាហ៍ ។ ចំពោះថិរវលាធ្វើការនេះទោះបីជាច្បាប់បានកំណត់ក៏ដោយ ក៏ត្រូវមានការព្រមព្រៀងគ្នារវាងនិយោជក ជាមួយកម្មករនិយោជិតផងដែរ ហើយការព្រមព្រៀងនេះទៀតសោតមិនត្រូវផ្ទុយពីច្បាប់បានកំណត់ឡើយ ។
រៀបរៀងដោយ៖ លោកស្រីមេធាវី យ៉េ នីតា និងកញ្ញា ម៉េង សៀវយី ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕