(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទះ ៤x៤ ទូទាំងប្រទេស រដូវកាលទី២ (WURKZ Special Volleyball Cup 4x4 2025) បានត្រឡប់មកវិញជាថ្មី ជាមួយភាពអស្ចារ្យជាងមុន ដោយមានក្រុមចូលរួមយ៉ាងច្រើនរហូតដល់ ៧៨ក្រុម ខណៈប្រាក់រង្វាន់ ក៏ត្រូវបានដំឡើងដ៏ច្រើនផងដែរ ទាំងជើងឯកតាមភូមិភាគ ពិសេសជើងឯកជុំផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ដែលនឹងទទួលបានប្រាក់រង្វាន់ជិត ២ម៉ឺនដុល្លារ។

នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការ តំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីកម្មវិធីប្រកួតបាល់ទាត់ ៤ស្មើក្របខណ្ឌទូទាំងប្រទេសខាងលើ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ មុនចាប់ផ្ដើមការប្រកួតជម្រុះតាមភូមិភាគ នាចុងសប្ដាហ៍ក្រោយ។

មន្ដ្រីជាន់ខ្ពស់ខាងលើបន្ដថា ក្រោមគំនិតផ្ដួចផ្ដើមរបស់ប្រធានសហព័ន្ធ កាលពីឆ្នាំ២០២១ ការប្រកួតនេះ មានត្រឹម ១២ក្រុមចូលរួមប៉ុណ្ណោះ ខណៈឆ្នាំ២០២៤ កើនដល់ ៥៣ក្រុម ហើយបន្ដកើនដល់ ៧៨ក្រុមសម្រាប់រដូវកាលថ្មីនេះ ។ នេះគឺជាជោគជ័យ និងជាសញ្ញាណវិជ្ជមាន សម្រាប់សន្ទុះការគាំទ្រ និងភាពរីកចម្រើននៃវិស័យកីឡាបាល់ទះកម្ពុជា ដ្បិតលោកថា បើសិននៅបន្ដទទួលពាក្យ ពេលនេះអាចកើនដល់ ១០០ក្រុមក៏ថាបាន។

អ្វីដែលពិសេសទៀតនោះ ដោយមើលឃើញពីភាពរីកចម្រើន និងការចូលរួមយ៉ាងផុលផុសនេះ ក្នុងនាមដៃគូអភិវឌ្ឍន៍របស់សហព័ន្ធ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានសម្រេចដំឡើងនូវប្រាក់រង្វាន់ដ៏ច្រើនផងដែរ ដើម្បីជំរុញឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ក្នុងនោះក្រុមជើងឯកតាមភូមិភាគ ត្រូវបានដំឡើងពី ១១លានរៀល ទៅ ១៥លានរៀល និងក្រុមជើងឯកជុំផ្ដាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ ត្រូវបានដំឡើងពី ៥០លានរៀល ទៅ ៧០លានរៀល។

ទន្ទឹមជាមួយគ្នា សហព័ន្ធក៏បានធ្វើការកែប្រែលក្ខខណ្ឌខ្លះ ដើម្បីផ្តល់ឱកាសឲ្យយុវជនកាន់តែច្រើនចូលរួមបង្ហាញសមត្ថភាពទូទាំងប្រទេស តាមរយៈព្រឹត្តិការណ៍នេះ ដោយសហព័ន្ធលើកទឹកចិត្តដល់ក្រុមចូលរួមទាំងអស់ ប្រើប្រាស់កីឡាករវ័យក្មេងឲ្យបានច្រើន ខណៈកីឡាករចាស់ៗ និងមានបទពិសោធន៍ ត្រូវបានកំណត់ឲ្យចុះឈ្មោះបាន ២នាក់ និងលេងបានម្នាក់លើទីលាន ។ លោកសង្ឃឹមថា កំណែទម្រង់ថ្មីនេះ នឹងក្លាយជាផ្នែកមួយ ជំរុញឲ្យមានការប្រកួតប្រជែងកាន់តែស្វិតស្វាញ និងធានាបាននូវការអភិវឌ្ឍធនធានបន្ដវេនស្របតាមផែនការយុទ្ធសាស្ដ្ររបស់សហព័ន្ធ ។ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បន្ថែម។

គួរដឹងថា ព្រឹត្តិការណ៍បាល់ទះ WURKZ Special Volleyball Cup 4x4 2025 ក្នុងចំណោម ៧៨ក្រុម គឺបែងចែកជា ៥មណ្ឌល រួមមានមណ្ឌលខេត្តពោធិ៍សាត់ ប្រកួតនៅថ្ងៃទី៨-៩ ខែមីនា, មណ្ឌលខេត្តសៀមរាប ប្រកួតនៅថ្ងៃទី១៥-១៦ ខែមីនា, មណ្ឌលខេត្តកំពង់ចាម ប្រកួតនៅថ្ងៃទី២២-២៣ ខែមីនា, មណ្ឌលខេត្តកណ្ដាល ប្រកួតនៅថ្ងៃទី២៩-៣០ ខែមីនា និងមណ្ឌលខេត្តកែប ប្រកួតនៅថ្ងៃទី៥-៦ ខែមេសា ។ បន្ទាប់មកក្រុមជយលាភីតាមភូមិភាគនីមួយៗ នឹងត្រូវឡើងមកប្រកួតជុំផ្ដាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ ពីថ្ងៃទី២១-២៧ ខែមេសា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)៕