(បរទេស)៖ SoftBank Group ត្រូវបានគេរាយការណ៍មកថា គ្រោងនឹងខ្ចីប្រាក់ប្រមាណ ១៦ពាន់លានដុល្លារអាមេរិក ដើម្បីវិនិយោគលើបច្ចេកវិទ្យា AI។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២៥។
ប្រភពច្បាស់ការណ៍បានបង្ហើបឲ្យដឹងថា លោក Masayoshi Son បច្ចុប្បន្នជានាយកប្រតិបត្តិ (CEO) SoftBank Group បានប្រាប់ទៅធនាគារកាលពីសប្តាហ៍មុនថា លោកនឹងខ្ចីប្រាក់ ១៦ពាន់លានដុល្លារអាមេរិក សម្រាប់វិនិយោគលើ AI ហើយអាចនឹងខ្ចីបន្ថែមទៀតចំនួន ៨ពាន់លានដុល្លារនៅឆ្នាំ ២០២៦។
កាលពីខែមករាកន្លងទៅនេះ សារព័ត៌មាន Reuters បានចេញផ្សាយថា SoftBank គ្រោងវិនិយោគ ២៥ពាន់លានដុល្លារបន្ថែមទៀតលើក្រុមហ៊ុន OpenAI មេធំរបស់ ChatGPT ដែលគោលដៅនៃការវិនិយោគគឺដើម្បីក្លាយជាម្ចាស់កាន់កាប់ភាគហ៊ុនធំបំផុតរបស់ OpenAI។
Reuters ក៏បានចេញផ្សាយរួចមកហើយផងដែរថា SoftBank បានប្ដេជ្ញាចិត្តក្នុងការវិនិយោគ ១៥ពាន់លានដុល្លារលើគម្រោង Stargate ដែលជាហេដ្ឋារចនាសម្ព័ន្ធ AI។ Stargate គឺជាការបណ្ដាក់ទុនរួមគ្នារវាង Oracle, OpenAI និង SoftBank ដែលគ្រោងនឹងវិនិយោគក្នុងទឹកប្រាក់ ៥០០ពាន់លានដុល្លារអាមេរិក ដើម្បីជួយបន្តអាមេរិកឲ្យនាំមុខគេ លើបច្ចេកវិទ្យា AI៕