(ភ្នំពេញ)៖ បេក្ខភាព ៣ក្រុមកំពុងឈរលើកំពូលតារាង នៃការប្រកួតប្រជែងពានលីគកំពូលកម្ពុជា CPL រដូវកាលនេះ គឺមានព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន និងវិសាខា សុទ្ធតែបានបន្ថែម ៣ពិន្ទុរៀងខ្លួន ពីការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី២៤ ស្របពេលក្រុមបឹងកេត បានអស់ឱកាសដណ្ដើមពានជាផ្លូវការ ក្រោយលេងចាញ់ម្ចាស់ផ្ទះភ្នំពេញក្រោន កាលពីចុងសប្ដាហ៍កន្លងទៅ។
ការនាំមុខកំពូលតារាងរបស់ព្រះខ័នរាជស្វាយរៀង គឺបន្ទាប់ពីបានយកឈ្នះក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ៥-២ នៅកីឡដ្ឋានអាគីហ៊ីរ៉ូ កាតុ ។ ជ័យជម្នះនេះ បានធ្វើឲ្យព្រះខ័នរាជស្វាយរៀង កើនដល់ ៥៨ពិន្ទុ បន្ដរក្សាគម្លាតនាំមុខ ៤ពិន្ទុពីគូប្រជែងឈរលេខ ភ្នំពេញក្រោន ដែលរកបាន ៥៤ពិន្ទុ បន្ទាប់ពីពួកគេបានយកឈ្នះក្រុមនាគខៀវបឹងកេត ៣-២ នៅកីឡដ្ឋាន Smart RSN កាលពីរាត្រីថ្ងៃអាទិត្យ។
ជំនួបរវាងក្រុមភ្នំពេញក្រោន ដែលបង្អាក់ដំណើក្រុមបឹងកេត ជាជំនួបឱ្យឈ្មោះថា The Classic Match ស្ថិតក្នុងការប្រកួតចាប់ផ្តើមលេងត្រឹមរយៈពេល ៦នាទី ក្រុមភ្នំពេញក្រោន បានបើកការនាំមុខបឹងកេត ២គ្រាប់ ធ្វើសម្រេចដោយកីឡាករ Andres Neito នៅនាទីទី១ និង Ofufu Ibeh នៅនាទីទី៦ ។
ដ្បិតក្រុមបឹងកេត រកបានមកវិញ ២ក្រុម ដោយកីឡាករ Scott Charlie នៅនាទី៣៥ និង សៀង ចន្ធា នៅនាទី៤៥+១ ខណៈ ១គ្រាប់របស់ Yudai Ogawa មុនបញ្ចប់វគ្គទី១ បានទាត់បាល់ហ្វ្រីឃីតបញ្ចូលទី ជួយឲ្យភ្នំពេញក្រោន យកឈ្នេះ ៣-២ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោងតែម្ដង ។
ដោយឡែកក្រុមវិសាខាវិញ គឺបានសងសឹកក្រុមណាហ្គាវើលដ៏ បានសម្រេច ក្រោយយកឈ្នះ ១-០ លើទឹកដីរបស់ខ្លួន ។ ដោយកាលពីជើងទី១ វិសាខា បានចាញ់ក្នុនលទ្ធផលនេះ ក្រោមថ្វីជើងក្រុមលោក ឃឹម បូរី មុនប្រកួតស្មើក្រៅដី ១-១ នៅជើងទី២ ។
ប៉ុន្ដែជំនួបរវាងក្រុមទាំងពីរក្នុងជើងទី៣ វិសាខាស្ថិតក្រោមការដឹកនាំបណ្ដោះអាសន្នដោយគ្រូបង្វឹក Tunji ក៏បានយកឈ្នះ ១-០ វិញ ដែលធ្វើបានសម្រេចដោយកីឡាករ ស៊ិន កក្កដា នាំឲ្យក្រុមសេះខៀវនេះ បង្កើនក្ដីសង្ឃឹមខ្ពស់ ដើម្បីប្រជែងពានជាមួយក្រុមព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ដោយពួកគរកបាន ៥០ពិន្ទុ ឈរលេខ៣ បណ្តោះអាសន្ន ។
គួរដឹងថា គិតត្រឹមសប្ដាហ៍ទី២៤ នេះដែរ ក្រុមបឹងកេត គឺបានអស់ឱកាសប្រជែងពានលីគកំពូលកម្ពុជា រដូវកាលនេះជាផ្លូវការហើយ ដ្បិតក្រុមនេះបានបន្ដឈរលេខរៀងទី៦ និងនៅមានត្រឹម ៣០ពិន្ទុក្នុងដៃ ដោយចាញ់ប្រៀបក្រុមព្រះខ័នរាជស្វាយរៀង ២៨ពិន្ទុ និងចាញ់ប្រៀបក្រុមភ្នំពេញក្រោន ២៤ពិន្ទុ ។ ដូច្នេះឱកាសនៅសល់សម្រាប់ក្រុមរហ្សនាគខៀវ គឺត្រឹមរក្សាក្ដីសង្ឃឹមប្រជែងចំណាត់ថ្នាក់លេខ៣ តែប៉ុណ្ណោះ ក្នុងចំណោម ៨ប្រកួតដែលនៅសល់សម្រាប់វគ្គ Top-6 ៕