(ភ្នំពេញ)៖ ក្រុមហ៊ុន អាតូមីកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំសមាជិកចូលរួមសម្អាតបរិស្ថាន ដើម្បីថែរក្សានូវសុខភាពល្អ និងចូលរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅរង្វង់មូលនាងមច្ឆា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោក វ៉ា គីមហៀង បុគ្គលិកក្រុមហ៊ុន អាតូមីកម្ពុជា បានលើកឡើងថា អាតូមីជាក្រុមហ៊ុនចែកចាយទំនិញដែលអនុវត្តគោលការណ៍ផ្ដោតលើនិរន្តរភាពគឺ ការគ្រប់គ្រងដោយយកចិត្តទុកដាក់លើ បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG «Environment, Social, Governance») ដូចនេះការចូលរួមការពារ និងសម្អាតបរិស្ថាន គឺជាកាតព្វកិច្ចមួយដែលអាតូមីតែងតែចូលរួមអនុវត្តជាប្រចាំ។

លោកបានបន្ដថា អេ-ផ្លូហ្គីង «A_Plogging» ជាសកម្មភាពមួយដែល អាតូមី បានរៀបចំឡើងចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ ដោយកន្លងមកបានធ្វើឡើងនៅតាមបណ្ដាខេត្តមួយចនួនដូចជា៖ ខេត្តសៀមរាប បាត់ដំបង កំពង់ចាម តាកែវ និងខេត្តព្រះសីហនុ ហើយក្នុងឆ្នំា២០២៥នេះ A_Plogging នឹងត្រូវធ្វើឡើងរៀងរាល់២ខែម្ដង ក្នុងរាជធានីភ្នំពេញ ក្រោមពាក្យស្លោក «បរិស្ថានស្អាត ទីក្រុងស្អាត សុខភាពល្អ» ដោយមានការចូលរួមគំាទ្រពីអជ្ញាធរក្នុងមូលដ្ឋាន ហើយអេ-ផ្លូហ្គីង ជាសកម្មភាពដែលយកលំនាំតាម ផ្លូហ្គីង(Plogging) ដែលត្រូវបានបង្កើតឡើងក្នុងប្រទេសស៊ុយអ៊ែត កាលពីឆ្នាំ២០១៦ គឺជាសកម្មភាពដើរហាត់ប្រាណបណ្ដើរ រើសសំរាមបណ្ដើរនៅតាមដងផ្លូវ។

រីឯលោកស្រី ដាច័ន្ទ ឆ្ឆ័យា ដែលជាសមាជិកថ្នាក់ដឹកនាំក្រុមហ៊ុនអាតូមី មានអារម្មណ៍រីករាយជាខ្លាំងដែលបានចូលរួមសម្អាតបរិស្ថាន។ លោកស្រីបន្តថា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប លោកស្រីពិតជាមានមោទនភាពដែលបានចូលរួមសម្អាតបរិស្ថានទីក្រុងនៅក្នុងប្រទេសកម្ពុជា ហើយបានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាឱ្យចូលរួមថែរក្សាបរិស្ថាន និងបោះចោលសំរាមឱ្យបានត្រឹមត្រូវ។ លោកស្រីបានបន្តថា ទៅថ្ងៃមុខនៅតែបន្តចូលរួមយ៉ាងសកម្មក្នុងការសម្អាតបរិស្ថាននៅក្នុងប្រទេសកម្ពុជា។

លោកស្រីបានបន្ថែមថា សុខភាពពិតជាសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសក្មេងតូចៗ នៅពេលដែលសំរាមនៅពាសពេញប្រទេសកម្ពុជា ធ្វើឱ្យបញ្ហាសុខភាពមានការកើនឡើងច្រើន ដូច្នេះហើយសំរាមមិនមាន សុខភាព គឺកាន់តែល្អប្រសើរ ហើយក៏សូមឱ្យប្រជាពលរដ្ឋខ្មែរមេត្តាទុកដាក់សំរាម ឬការបោះចោលសំរាមឱ្យបានត្រឹមត្រូវ ពិសេសកុំចោលសំរាមនៅតាមផ្លូវ និងចូលរួមស្រលាញ់បរិស្ថានប្រទេសកម្ពុជា ទីក្រុងស្អាត គឺផ្ដើមចេញពីយើងទាំងអស់គ្នា។

ចំណែកឯលោកស្រី វ៉ាត ណារិន ដែលជាសមាជិកថ្នាក់ដឹកនាំក្រុមហ៊ុនអាតូមីដែរនោះ បានបង្ហាញថា សម្រាប់សកម្មភាពនៅថ្ងៃនេះ គឺចង់ចូលរួមថែរក្សាបរិស្ថាននៅក្នុងសង្គម ដោយលោកស្រីគិតថាទីក្រុងស្អាត គឺចាប់ផ្ដើមពីខ្លួនយើង ហើយការសម្អាតនេះ គឺដើម្បីសុខភាព នឹងជាកាតព្វកិច្ចមួយដែលជួយអោយទីក្រុងរបស់យើងមានភាពស្រស់ស្អាត។ លោកស្រីបានបន្តថា នេះជាសកម្មភាពលើកទី៣ ហើយដែលបានចូលរួមសម្អាតបរិស្ថាននៅទីក្រុងភ្នំពេញ ហើយប្រសិនបើមានកម្មវិធីលើកក្រោយទៀតនឹងចូលរួមជារៀងរាល់ពេលនៅ ពេលដែលមានកម្មវិធី និងចូលរួមជារៀងរាល់ថ្ងៃដើម្បីសម្អាតបរិស្ថាន។ លោកស្រីក៏បានលើកទឹកចិត្តដល់ប្រជាជនទាំងអស់គ្នា និយាយអំពីការចូលរួមសម្អាតមិនមែនជាកាតព្វកិច្ច សម្រាប់សមត្ថកិច្ច ឬបុគ្គលណាមួយ គឺចាប់ផ្ដើមពីយើងខ្លួនឯងផ្ទាល់ ដើម្បីស្អាតទាំងអស់គ្នានឹងដើម្បីសុខភាពល្អផងដែរ៕