(បរទេស)៖ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន Honor នឹងចំណាយប្រាក់ចំនួន ១០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ លើការអភិវឌ្ឍន៍ AI សម្រាប់ឧបករណ៍របស់ខ្លួន នេះបើតាមការបញ្ជាក់ពីសំណាក់នាយកប្រតិបត្តិ (CEO) លោក James Li និងត្រូវបានចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥។

នាយប្រតិបត្តិថ្មីរូបនេះ បានថ្លែងឱ្យដឹងនៅក្នុងពិព័រណ៍ពាណិជ្ជកម្ម Mobile World Congress (MWC) នៅទីក្រុងបាសេឡូណាថា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Shenzhen មួយនេះ មានគោលបំណងពង្រីកខ្លួនពីក្រុមហ៊ុនផលិតស្មាតហ្វូន ទៅជាអ្នកអភិវឌ្ឍប្រព័ន្ធកុំព្យូទ័រ ថេប្លេត និងឧបករណ៍ពាក់ដែលអាចប្រើបច្ចេកវិទ្យា AI បាន។

នៅក្នុងខែធ្នូ ក្រុមហ៊ុន Honor បានប្រកាសឱ្យដឹងថា ខ្លួនបានបញ្ចប់ការរៀបចំរចនាសម្ព័ន្ធភាគទុនិក (អ្នកចូលហ៊ុន ឬអ្នកកាន់កាប់ហ៊ុនរបស់ក្រុមហ៊ុន) ដែលនាំឱ្យក្រុមហ៊ុនចិនមួយនេះ កាន់តែខិតទៅជិតរកការបោះផ្សាយមូលបត្រ ឬ IPO ទោះបីជាមិនមានការកំណត់ពេលវេលាជាក់លាក់ក៏ដោយ។

ការប្រកាសរបស់ Honor ក្នុងការវិនិយោគលើ AI នេះ វាកើតឡើងចំពេលដែលការរីកដុះដាលនៃការវិនិយោគ AI របស់ចិន ដែលជំរុញដោយការចាប់អារម្មណ៍លើអាជីវកម្ម Startup ថ្មីៗរបស់ចិន ខណៈដែល DeepSeek កំពុងដំណើរការ និងទទួលបានការចាប់អារម្មណ៍ពីរដ្ឋាភិបាលក្នុងតំបន់ និងដល់ក្រុមហ៊ុនផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ បាននាំគ្នាប្រញាប់ប្រញាល់ប្រើប្រាស់ DeepSeek ឬធ្វើការស្រាវជ្រាវ AI បន្ថែមទៀត។

នៅក្នុងខែសីហា Reuters បានរាយការណ៍ថា Honor កំពុងទទួលបានការគាំទ្រកម្រិតខ្ពស់ពីរដ្ឋាភិបាលក្នុងតំបន់ Shenzhen ទាក់ទងនឹងការផ្តល់មូលនិធិស្រាវជ្រាវ និងអភិវឌ្ឍន៍ ការបន្ធូរបន្ថយពន្ធ និងការគាំទ្រការពង្រីកនៅក្រៅប្រទេស៕