(ម៉ិកស៊ិក)៖ កីឡាការិនី Emma Navarro ឈ្នះជើងឯកពានរង្វាន់ Merida Open 2025 ដែលជាកម្មវិធីវាយកូនបាល់ (Tennis) ក្នុងកម្រិត WTA Tour ក្រោយពីយកឈ្នះកីឡាការិនី Emiliana Arango លទ្ធផល ២សិត ហើយនេះក៏ជាការឈ្នះជើងឯកលើកទី២ ក្នុងអាជីពរបស់រូបនាងផងដែរ ។

តាមរយៈការឈ្នះពាននេះធ្វើឱ្យនារីសញ្ជាតិអាមេរិក Emma Navarro ក៏បានបន្តឈរលេខ៨ ក្នុងតំណែងចំណាត់ថ្នាក់កីឡាការិនីវាយកូនបាល់ ក្រោយព្យាយាមស្វែងរកបាន ៤០០៩ពិន្ទុ ឈរលខ ៨ពិភពលោក គិតត្រឹមថ្ងៃទី០៣ ខែមីនា ក្នុងតារាងចំណាត់ថ្នាក់ Women’s Tennis WTA Rankings 2025 ។ ហើយនេះជាការឈ្នះជើងឯកលើកទី១ ក្នុងកម្រិតប្រកួត WTA 500 ផងដែរ ។

សូមជម្រាបផងថា Emma Navarro កីឡាការិនីមានវ៍យ ២៣ឆ្នាំ មិនទាន់ធ្លាប់ស្គាល់រសជាតិពានកម្រិត Grand Slam នៅឡើយទេ ដោយនៅឆ្នាំ២០២៥ នេះ រូបនាងបានឈានដល់ត្រឹមវគ្គ ៨នាក់ចុងក្រោយនៅកម្មវិធី Australian Open ។ ខណៈការឈ្នះបានជើងឯកលើកទី១ គឺនៅកម្មវិធី Hobart International 2024 កម្រិតប្រកួត WTA 250 ៕