(បរទេស)៖ ក្រុមអ្នកឃ្លាំមើល និងអាជ្ញាធរ ICO របស់ចក្រភពអង់គ្លេសនៅថ្ងៃចន្ទដើមសប្ដាហ៍នេះបានចាប់ផ្ដើមស៊ើបអង្កេតលើកម្មវិធី TikTok ពាក់ព័ន្ធនឹងឯកជនភាពរបស់កុមារ ហើយបើសិនជារកឃើញថាបានបំពានមែននោះ នឹងត្រូវរងការពិន័យទៅតាមច្បាប់។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹង ICO ដែលជាអង្គភាពមួយនៅក្រោមសភារបស់ចក្រភពអង់គ្លេសបានចាប់ផ្ដើមស៊ើបអង្កេតលើ TikTok បន្ទាប់ពីមានព័ត៌មានមួយបានរាយការណ៍មកថា TikTok បានប្រើប្រាស់ទិន្នន័យ ក៏ដូចជាឯកជនរបស់កុមារនៅចក្រភពអង់គ្លេសក្នុងការបង្ហាញនូវមាតិកាមួយចំនួនដែលផ្ទុយពីច្បាប់របស់ចក្រភពអង់គ្លេស។
ការស៊ើបអង្កេតនេះបានផ្ដោតទៅលើអំពីវិធីសាស្ត្រដែល TikTok ប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើដែលមានអាយុចន្លោះ ១៣ ទៅ១៧ឆ្នាំ ក្នុងការបង្ហាញមាតិកាផ្សេងៗនៅពេលដែលពួកគេចូលទៅប្រើ TikTok។
«ប្រសិនបើយើងរកឃើញ និងមានភស្តុតាងគ្រប់គ្រាន់ដែលថា ក្រុមហ៊ុន TikTok បានបំពានច្បាប់ នោះយើងនឹងជូនដំណឹងទៅកាន់ពួកគេ មុនពេលឈានដល់ការសន្និដ្ឋានចុងក្រោយ»។ នេះជាការបញ្ជាក់ពីសំណាក់ ICO ។
នៅក្នុងឆ្នាំ២០២៣ ICO ធ្លាប់បានពិន័យចំនួន ១២,៧លានផោន ប្រហែលនឹង ១៦លានដុល្លារអាមេរិក ដោយសារតែបានបំពានច្បាប់ការពារទិន្នន័យ ដោយប្រើទិន្នន័យផ្ទាល់ខ្លួនរបស់កុមារដែលមានអាយុក្រោម ១៣ឆ្នាំ ដោយគ្មានការយល់ព្រមពីឪពុកម្តាយ។
ចក្រភពអង់គ្លេសបានអនុម័តច្បាប់ដែលកំណត់ច្បាប់តឹងរ៉ឹងជាងមុនសម្រាប់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីការពារកុមារពីការចូលប្រើខ្លឹមសារដែលបង្កគ្រោះថ្នាក់ និងមិនសមស្របទៅតាមអាយុ ដោយការអនុវត្តការកំណត់អាយុ និងវិធានការត្រួតពិនិត្យអាយុ។
វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម រួមមាន Facebook, Instagram និង TikTok តម្រូវឱ្យ «ទប់» ឬច្រោះមាតិកាដែលបង្កគ្រោះថ្នាក់ ដើម្បីជួយការពារកុមារនៅក្រោមវិធានការរបស់ចក្រភពអង់គ្លេសដែលបានចេញផ្សាយកាលពីឆ្នាំមុន៕