(ភ្នំពេញ)៖ ក្រុមហ៊ុន SDB GROUP នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ បានរៀបចំកម្មវិធីជួបជុំអតិថិជនរថយន្តម៉ាក AITO (អៃតូ) ដើម្បីឱ្យអតិថិជនឈ្វេងយល់បន្ថែម ពីលក្ខណៈពិសេស និងបទពិសោធន៍ថ្មីនៃរថយន្ត ម៉ាក AITO ដែលជារថយន្តប្រភេទហាយប្រ៊ីត បំពាក់នូវបច្ចេកវិទ្យាដ៏ទំនើប។
រថយន្តម៉ាក AITO ត្រូវបាននាំចូលមកកាន់ទីផ្សារកម្ពុជាមាន៣ម៉ូឌែល រួមមាន AITO M5, AITO M7 និង AITO M9។ លក្ខណៈពិសេស និងការបំពាក់នូវបច្ចេកវិទ្យាដ៏ទំនើបរបស់រថយន្តនេះ កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់រថយន្តនៅកម្ពុជាផងដែរ។
លោក លឹម ដារារ័ត្ន ប្រធានផ្នែកលក់រថយន្តម៉ាក AITO បានឱ្យដឹងថា រថយន្ត AITO ជាប្រភេទរថយន្តដែលបំពាក់នូវបច្ចេកវិទ្យាដ៏ទំនើបជាច្រើន ដើម្បីឱ្យរថយន្តនេះមានសមត្ថភាពដំណើរការដោយស្វ័យប្រវត្តិ និងឆ្លាតវៃបំផុត។ រថយន្ត AITO ទាំង៣ម៉ូឌែល សុទ្ធតែមានប្រព័ន្ធជំនួយការបើកបរ, ប្រព័ន្ធចាប់គន្លងផ្លូវ ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់, ប្រព័ន្ធផ្តល់សញ្ញាពេលមានឧបសគ្គខាងមុខ និងខាងក្រោយ, ប្រព័ន្ធចូលចតស្វ័យប្រវត្តិដោយគ្មានមនុស្សនៅក្នុងរថយន្ត, កម្រាស់ដែក ២០០០ mpa, មានកាមេរ៉ាជុំវិញឡាន១១គ្រាប់ សេនស័រ១២គ្រាប់ ,កាមេរ៉ា ៥៤០ ព្រមទាំងមានបំពាក់ពោងសុវត្ថិភាព ពី៦ដល់៩គ្រាប់។
លោកបានបង្ហាញពីលក្ខណៈពិសេសមួយចំនួនរបស់រថយន្ត AITO ទាំងបីម៉ូឌែលនេះបន្ថែមថា ចំពោះ រថយន្ត AITO M5 ជាប្រភេទរថយន្ត SUV ខ្នាតតូចល្មមដែលសាកសមបំផុតសំរាប់យុវវ័យ ក្នុងការប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងក្រុង រឺក៏ប្រើប្រាស់តាមខេត្តបានដូចគ្នា។ រថយន្តនេះបានធ្វើការរចនាឡើងដោយមានភាពទាក់ទាញសាកសមសំរាប់មនុស្សជំនាន់ថ្មី។ រថយន្តនេះ មានកម្លាំង១.៥ ស៊ីសាំង ៤.៣លីត្រ ក្នុងមួយ១០០គីឡូម៉ែត្រ មានទំហំថ្ម ៤០kw រត់បានចម្ងាយ២៥៥គីឡូម៉ែត្រ ។
ចំណែករថយន្ត AITO M7 វិញ គឺជាប្រភេទរថយន្ត SUV ខ្នាតមធ្យមដែលសាកសមបំផុតសំរាប់គ្រួសារដែលមានសមាជិក ៥ នាក់។ រថយន្តនេះមានកម្លាំង ១.៥ ស៊ីសាំង ៥.៦លីត្រ ក្នុងមួយ១០០គីឡូម៉ែត្រ មានចំណុះសាំង ៦០លីត្រ និងមានទំហំថ្ម ៤២kw រត់បាន២៤០គីឡូម៉ែត្រ ដោយប្រើថាមពលអគ្គិសនីសុទ្ធ។
ដោយឡែក រថយន្ត AITO M9 គឺជារថយន្តដែលទំនើបជាងគេក្នុងត្រកូល AITO។ រថយន្ត AITO M9 ជាប្រភេទរថយន្ត SUV ខ្នាតធំ ៦ កៅអី ដែលត្រូវរចនាឡើង ដូចទៅនឹងសត្វនៅក្នុងរឿងព្រេងបុរាណចិន ដែលមានឈ្មោះថាសត្វ Kunpeng ។ រថយន្តនេះរចនាមកសាកសមសំរាប់អ្នកដែលមានសមាជិកគ្រួសារ៦ នាក់ រឺក៏ប្រើប្រាស់ក្នុងការចុះបេសកកម្មតាមខេត្តជាដើម។ រថយន្តនេះមាន ម៉ាស៊ីន៤ ស៊ីឡាំង កម្លាំង ១.៥ ស៊ីសាំង ៧.៥៨ លីត្រ ក្នុងមួយ១០០គីឡូម៉ែត្រ ចំណុះសាំង៦៥លីត្រ ទំហំថ្ម ៤២kw រត់បាន ២២៥km ដោយប្រើថាមពលអគ្គិសនីសុទ្ធ។
រថយន្ត AITO M9 មានលក្ខណៈពិសេសជាងគេ គឺស្តុបខាងក្រោយជាប្រភេទភ្លើងអាចដូរសញ្ញាដែលឡានបានកំណត់មាន៨សញ្ញា, ចំពោះភ្លើងខាងមុខរថយន្តអាចធ្វើជា Projector បញ្ចាំងជាវីឌីអូចេញក្រៅបាន, មានប្រព័ន្ធបូមឡើងចុះ អាចប្រើប្រាស់បានគ្រប់ស្ថានភាពផ្លូវ។
លោក លឹម ដារារ័ត្ន បានគូសបញ្ជាក់ទៀតថា ចំពោះអតិថិជនដែលទិញរថយន្ត AITO នឹងទទួលបានការធានាពីខាងរោងចក្រ AITO ពីប្រទេសចិនដោយផ្ទាល់ ដោយមានការធានាជូន៤ឆ្នាំ ឬ១០ម៉ឺនគីឡូម៉ែត្រ លើការថែទាំ និងគុណភាពរថយន្តផ្ទាល់ ជាមួយនឹងការផ្តល់ជូនការសាកថ្ម អត់គិតថ្លៃរយៈពេល១ឆ្នាំពេញ និងការលាងរថយន្តដោយឥតគិតថ្លៃរយៈពេល១ឆ្នាំដូចគ្នា ។
លោក Myron អ្នកគ្រប់គ្រងទូទៅ របស់ AITO បានឱ្យដឹងថា ក្រុមហ៊ុនSDB មានក្រុមជួយសង្រ្គោះនៅពេលរថយន្តមានបញ្ហា នៅគ្រប់២៥រាជធានីខេត្ត ក្នុងរយៈ២៤ម៉ោង ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់នូវសេវាសង្រ្គោះ រាល់ពេលមានបញ្ហាគុណភាព និងបច្ចេកទេសរថយន្តក្នុងអំឡុងធានា ដោយឥតគិតថ្លៃ ។
ចំពោះគ្រឿងបន្លាស់វិញ លោកបានឱ្យដឹងថា គ្រឿងបន្លាស់ដែលងាយខូចខាត១០០% មាននៅក្នុងស្តុកស្រាប់ ចំពោះគ្រឿងបន្លាស់ដែលមិនងាយខូចខាត ៩៥% មានក្នុងស្តុក។ ការជួសជួលលើការផ្លាស់ប្តូរគ្រឿងបន្លាស់ប្រើរយៈពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ។ ចំពោះអតិថិជនដែលយករថយន្តមកជួសជុលនៅក្រុមហ៊ុនSDB មិនថារថយន្តខូចខាតតិចតួច ឬខូចខាតច្រើនជាង៩៥% នឹងត្រូវបានជួសជុលជូនត្រឹមតែរយៈពេល២៤ម៉ោង និងខូចខាត ១០០% នឹងត្រូវបានជួសជុលជូន ក្នុងរយៈពេលត្រឹមតែ៤៨ម៉ោង។ ចំពោះរថយន្តដែលមានខូចខាតធ្ងន់ធ្ងរ និងគ្រោះថ្នាក់ធំៗ នឹងត្រូវបានជួសជុលជូនត្រឹមតែរយៈពេល៧២ម៉ោងប៉ុណ្ណោះ។
អតិថិជនដែលទិញរថយន្តនៅ ក្រុមហ៊ុនSDB អាចរីករាយជាមួយការសាកថ្មីដោយឥតគិតថ្លៃនៅស្ថានីយ៍សាកថ្មរបស់ ក្រុមហ៊ុនSDB ផ្ទាល់ ដែលបច្ចុប្បន្នមាននៅខេត្តព្រះសីហនុ។ ក្រុមហ៊ុនSDB នឹងបន្តការសាងសង់បន្ថែមទៀត នៅក្នុងទីក្រុងភ្នំពេញ រួមទាំងខេត្តសៀមរាបផងដែរ។ព្រមមានជាមួយគ្នា ក្រុមហ៊ុនក៏មានគម្រោងសាងសង់នីយ៍សាកថ្ម បន្ថែមនៅខេត្តមួយចំនួនទៀតដូចជា បាត់ដំបង កំពត និងកំពង់ចាម ដើម្បីធ្វើឱ្យអ្នកប្រើប្រាស់ទាំងអស់គ្នាមានភាពងាយស្រួល និងគ្មានក្តីបារម្ភក្នុងការប្រើប្រាស់ដូចឡានប្រភេទសាំង៕