(ភ្នំពេញ)៖ តារាសម្ដែងលោក ប៉ែន ចាន់សិទ្ធ អតីត Freshy boy និងជាតួអង្គស្ពតពាណិជ្ជកម្មរបស់ក្រុមហ៊ុនម៉ូតូហុងដា ឆ្នាំ២០១០ បានទទួលមរណភាពហើយ បន្ទាប់ពីចូលសម្រាកព្យាបាលជំងឺម៉្យាង នៅមន្ទីរពេទ្យអស់រយៈពេលជាង១សប្ដាហ៍។
យោងតាមមិត្តភក្តិជិតស្និទ្ធ និងអ្នកសិល្បៈដូចគ្នា បានប្រាប់ Fresh News Plus ឲ្យដឹងថា ជាការពិតតារាសម្ដែង ប៉ែន ចាន់សិទ្ធ ពិតជាបានទទួលមរណភាពមែន នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ដោយនៅពេលនេះ ក្រុមគ្រួសារកំពុងរៀបចំធ្វើបុណ្យតាមប្រពៃណី នៅឯគេហដ្ឋានរបស់លោកផ្ទាល់។
ប្រភពដដែលបន្តថា តារាសម្ដែង ប៉ែន ចាន់សិទ្ធ បានកើតជំងឺម្យ៉ាងដែលធ្វើឲ្យរាងកាយស្គមស្គាំង អស់រយៈពេលជាច្រើនខែមកហើយ រហូតដល់រយៈកាលជាង១សប្ដាហ៍ចុងក្រោយនេះ បានចូលសម្រាកនៅមន្ទីរពេទ្យ ប៉ុន្តែក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបានឡើយ រហូតធ្វើឲ្យរូបលោកទទួលមរណភាពតែម្ដង ក្នុងវ័យ៣២ឆ្នាំ។
ការបាត់បង់តារាសម្ដែង ប៉ែន ចាន់សិទ្ធ គឺជាការបាត់បង់ធនធានសិល្បៈវ័យក្មេងមួយរូប ដែលបានចូលរួមសាងស្នាដៃក្នុងវិស័យមួយនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ និងជាការចាកចេញក្រោមក្ដីអាឡោះអាល័យពីសំណាក់ក្រុមគ្រួសារ និងមិត្តភក្តិជាអ្នកសិល្បៈធ្លាប់រួមការងារជាមួយគ្នា និងជារឿងមួយនឹកស្មានមិនដល់។
Fresh News Plus សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយគ្រួសារសពលោក ប៉ែន ចាន់សិទ្ធ និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់លោក បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕