(ភ្នំពេញ)៖ អបអរសាទរ «ទិវាវប្បធម៌ជាតិ០៣មីនា» លើកទី២៧ ឆ្នាំ២០២៥ ដែលជាទិវាដ៏មានសារៈសំខាន់ ក្នុងការបង្កើនការយល់ដឹងអំពីគុណតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ ជាពិសេសគឺការចូលរួមលើកស្ទួយ បំផុសនូវស្មារតីស្រឡាញ់សិល្បៈ និងកេរដំណែលពីដូនតា។

នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ចំថ្ងៃទិវាវប្បធម៌ជាតិលើកទី២៧ អ្នកឧកញ៉ា លាង ម៉េង បានដឹកនាំបុគ្គលិកនៃធនាគារ ជីប ម៉ុង ទាំងអស់ ចូលរួមស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងសមសួន ដើម្បីអបអរសាទរ និងសម្ដែងនូវការគោរពថែរក្សាសិល្បៈវប្បធម៌ ទំនៀមទំលាប់ប្រពៃណីខ្មែរ ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត ជាពិសេសផ្តល់ភាពជាគម្រូដល់យុវជនជំនាន់ក្រោយ។

ធនាគារ ជីប ម៉ុង បានចាត់ទុកការថែរក្សា អភិរក្សនូវមរតកវប្បធម៌ជាតិ គឺជារឿងដ៏ចាំបាច់បំផុត ហើយជឿជាក់ថាយុវជនជំនាន់ក្រោយ គឺជាកាតាលីករដ៏សំខាន់ក្នុងការបន្តវេននៃកិច្ចការអភិរក្ស ថែរក្សាវិស័យសិល្បៈវប្បធម៌មរតកដ៏ថ្លៃថ្លារបស់ជាតិ ក៏ដូចជាដឹកនាំសង្គម និងប្រទេសឱ្យកាន់តែរីកលូតលាស់ទៅមុខ។

ធនាគារ ជីប ម៉ុង មានគ្រឹះរឹងមាំដើរតាមគន្លង ជោគជ័យរបស់ ជីប ម៉ុង តាំងពីឆ្នាំ១៩៨២ និងមានអ្នកឧកញ៉ា លាង ម៉េង ជាថ្នាក់ដឹកនាំមានចក្ខុវិស័យវែងឆ្ងាយ ហើយថ្មីៗនេះផងដែរ ធនាគារ ជីប ម៉ុង កំពុងបើកឱកាសដ៏ធំមួយដល់ប្អូនៗនិស្សិត នៅគ្រប់ទីកន្លែងទូទាំង២៥ខេត្តក្រុង អាចដាក់ពាក្យចូលរួមវគ្គបណ្តុះបណ្តាលមួយនេះ ដោយទទួលបានទាំងប្រាក់ និងបានទាំងចំណេះជំនាញ បទពិសោធន៍ផ្នែកធនាគារដ៏មានស្តង់ដារត្រឡប់ទៅវិញ៕