(ខូភេនហាហ្គេន)៖ ការលក់រថយន្តអគ្គិសនី Tesla នៅតំបន់ភាគខាងជើងទ្វីបអឺរ៉ុប Scandinavia (ប្រទេសន័រវេស, ស៊ុយអែត និងដាណឺម៉ាក) បានធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥នេះ ធៀបនឹងខែដូចគ្នា កាលពីឆ្នាំមុន ចំពេលមានតួនាទីរបស់លោកនាយកប្រតិបត្តិ Elon Musk នៅក្នុងរដ្ឋបាលសហរដ្ឋអាមេរិក របស់លោក Donald Trump។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។

Tesla ដែលធ្លាប់ជារថយន្តឈរនៅកំពូលតារាងលក់ ក្នុងប្រទេសន័រវេស, ស៊ុយអែត និងដាណឺម៉ាក ក្នុងឆ្នាំ២០២៣ និង២០២៤នោះ, បានធ្លាក់ក្នុងឆ្នាំនេះ ទៅឈរពីក្រោយក្រុមហ៊ុនប្រកួតប្រជែង ជាមួយនឹងម៉ូឌែលថ្មី ដូចជា Volkswagen និង Toyota។ នេះបើយោងតាមទិន្នន័យ ដែលបានចុះបញ្ជីបានបង្ហាញនៅថ្ងៃចន្ទ។

សរុបរថយន្ត Tesla ថ្មីចំនួន៦១៣គ្រឿង ត្រូវបានចុះបញ្ជីនៅស៊ុយអែត កាលពីខែមុន, ធ្លាក់ចុះ៤២ភាគរយ ធៀបនឹងខែដូចគ្នាឆ្នាំមុន, ស្របពេលដែលការចុះបញ្ជី​ នៅន័រវេស និងដាណឺម៉ាក បានធ្លាក់ចុះ៤៨ភាគរយ មកនៅត្រឹម៩១៧គ្រឿង និង៥០៩គ្រឿង ដាច់ដោយឡែកពីគ្នា។ បើទោះបីជាតម្រូវការរថយន្តសរុប មានការកើនឡើង នៅក្នុងប្រទេសទាំង៣ក៏ដោយ ក្នុងនោះរួមទាំងរថយន្តអគ្គិសនីផងដែរ។

ការប្រឡូកចូលនយោបាយរបស់លោក Musk ដែលនាំឱ្យមានការកាត់បន្ថយយ៉ាងខ្លាំង ចំពោះកម្លាំងការងារសហព័ន្ធរបស់សហរដ្ឋអាមេរិក និងការគាំទ្រទស្សនៈនយោបាយស្តាំនិយមនៅអឺរ៉ុប បានបង្កឱ្យមានបាតុកម្ម ដែលគេដាក់ឈ្មោះថា «Tesla Takedown» នៅសហរដ្ឋអាមេរិក និងមានការអំពាវនាវឱ្យធ្វើពហិការ នៅកន្លែងផ្សេងទៀត។

ន័រវេស ជាកន្លែងប្រទេសដែលរថយន្តថ្មីស្ទើតែទាំងអស់ ជារថយន្តអគ្គិសនីពេញលេញនោះ, ចំណែករបស់រថយន្ត Tesla នៃការលក់រថយន្តទាំងអស់ បានធ្លាក់ចុះមកនៅត្រឹមតែ៨.៨ភាគរយប៉ុណ្ណោះ គិតចាប់ពីដើមឆ្នាំ រហូតមកទល់ពេលនេះ បន្ទាប់ពីបាននាំមុខចំណែកទីផ្សារ ចំនួន១៨.៩ភាគរយ សម្រាប់ពេញមួយឆ្នាំ២០២៤ និង២០ភាគរយ ក្នុងឆ្នាំ២០២៣៕​