(ហុងកុង)៖ ការលក់រាយរបស់ទីក្រុងហុងកុង គិតជាតម្លៃ បានធ្លាក់ចុះ៣.២ភាគរយ ក្នុងខែមករា ធៀបនឹងខែដូចគ្នា កាលពីឆ្នាំមុន, នាំឱ្យក្លាយជាការធ្លាក់ចុះខែទី១១ជាប់ៗគ្នា បើទោះបីជាចំនួនភ្ញៀវទេសចរ មានការកើនឡើងក៏ដោយ។ នេះបើតាមទិន្នន័យពីរដ្ឋាភិបាល បង្ហាញនៅថ្ងៃចន្ទ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។
ការលក់បានធ្លាក់ចុះមកនៅត្រឹម៣៥.៣ពាន់លានដុល្លារហុងកុង (៤.៥ពាន់លានដុល្លារអាមេរិក), ជាមួយនឹងការផ្លាស់ប្តូរភាគរយរួមតូច ពីការធ្លាក់ចុះ៩.៦ភាគរយ កាលពីខែធ្នូ។
ការលក់បានធ្លាក់ចុះ ដោយសារអ្នកដើរទិញឥវ៉ាន់ចំណាយតិច និងភ្ញៀវមកពីចិនដីគោកកាន់តែតិច ខណៈពលរដ្ឋក្នុងស្រុក ចំណាយច្រើនឆ្លងព្រំដែន ដែលឆ្លៀតយកផលចំណេញ ពីភាពខ្លាំងនៃរូបិយប័ណ្ណក្នុងស្រុក។
អ្នកនាំពាក្យរដ្ឋាភិបាលហុងកុង បានបញ្ជាក់ថា ក្នុងរយៈពេលខ្លីខាងមុខ នៃវិស័យលក់រាយ នឹងបន្តរងផលប៉ះពាល់ ដោយសារការផ្លាស់ប្តូរគំរូ នៃការប្រើប្រាស់ របស់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ។
បើគិតជាបរិមាណវិញ, ការលក់រាយក្នុងខែមករា បានធ្លាក់ចុះ៥.២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ នោះប្រៀបធៀបនឹងការធ្លាក់ចុះ១១.៣ភាគរយ ដែលបានកែប្រែនៅក្នុងខែធ្នូ និងការធ្លាក់ចុះ៨.៤ភាគរយ នៅក្នុងខែវិច្ឆិកា។
ប្រទេសចិន បានបន្ធូរបន្ថយការរឹតបន្តឹងទិដ្ឋាការ សម្រាប់ពលរដ្ឋទីក្រុង Shenzhen ដែលទៅទស្សនាទីក្រុងហុងកុង ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤។
ភ្ញៀវទេសចរដែលបានទៅដល់ហុងកុង ក្នុងខែមករា មានចំនួន៤.៧៤លាននាក់, កើនឡើង២៤ភាគរយ ធៀបនឹងខែដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យពីក្រុមប្រឹក្សាទេសចរណ៍ហុងកុង បានបង្ហាញ។ ដែលនេះធៀបនឹង៤.២៦លាននាក់ ក្នុងខែធ្នូ, ៣.៥៧លាននាក់ ក្នុងខែវិច្ឆិកា និង៤.០៩លាននាក់ ក្នុងខែតុលាឆ្នាំមុន។
ចំនួនភ្ញៀវទេសចរចិនដីគោក មាន៣.៧៣លាននាក់ ក្នុងខែមករា, កើនឡើង២៤.៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ដែលនោះធៀបនឹង៣.១០លាននាក់ ក្នុងខែធ្នូ, ២.៥៦លាននាក់ ក្នុងខែវិច្ឆិកា និង៣.១៤លាននាក់ ក្នុងខែតុលា។
ការលក់គ្រឿងអលង្ការ, នាឡិកាដៃ, នាឡិកាព្យួរជញ្ជាំង និងអំណោយមានតម្លៃ បានធ្លាក់ចុះ១៧.៩ភាគរយ ក្នុងខែមករា ធៀបនឹងខែដូចគ្នា កាលពីឆ្នាំមុន បន្ទាប់ពីធ្លាក់ចុះ១៤.៥ភាគរយ កាលពីខែធ្នូ។
ចំពោះការលក់សម្លៀកបំពាក់, ស្បែកជើង និងផលិតផលសម្ព័ន្ធ (Allied Products) បានកើនឡើង២.២ភាគរយ ក្នុងខែមករា បន្ទាប់ពីធ្លាក់ចុះ១១.១ភាគរយ ក្នុងខែធ្នូ៕