(ភ្នំពេញ)៖ កីឡាករ លឹម លោកាថុង ឬ Lim Lucca សមាជិកក្រុមយុវជន U20 និងក្រុមជម្រើសជាតិកម្ពុជា ត្រូវបានក្លិប Auckland United ប្រកាសនាំចូលជាផ្លូវការ ដើម្បីត្រៀមប្រកួតប្រជែងក្នុងក្របខណ្ឌលីគកំពូលណូវែលហ្សេឡង់ (Northern League) នារដូវកាលថ្មីខាងមុខ។
យោងតាមការជូនដំណឹងរបស់ក្លិបចំណាត់ថ្នាក់លេខ៥ នៃលីគកំពូលណូវែលហ្សេឡង់ ឆ្នាំ២០២៤ ខាងលើ បានបញ្ជាក់ថា «ពួកយើងរីករាយក្នុងការស្វាគមន៍ Lucca Lim មកកាន់ក្លិប។ ខ្សែបម្រើប្រយុទ្ធវ័យ ១៨ឆ្នាំនេះ បានចូលរួមជាមួយពួកយើង ក្រោយចាកចេញពីក្លិប Melville United»។
ទន្ទឹមជាមួយគ្នា ក្លិបបានចាត់ទុកកីឡាករវ័យក្មេងរូបនេះ គឺជាតួអង្គដ៏សំខាន់ក្នុងក្រុមចាស់ កាលពីរដូវកាលមុន ហើយបានបញ្ជាក់ទៀតថា «Lucca ដែលជាកីឡាករដ៏ស្វាហាប់ និងប្រកបដោយភាពច្នៃប្រឌិត។ ថ្មីៗនេះបានបង្ហាញខ្លួនជាអន្តរជាតិលើកដំបូងសម្រាប់ក្រុមជម្រើសជាតិ U-20 កម្ពុជា អមដោយការកោះហៅទៅកាន់ក្រុមជម្រើសជាតិក្រុមធំ ដែលជាសក្ខីភាពនៃសក្តានុពលដែលកំពុងកើនឡើងរបស់គាត់»។
ជាមួយការចូលរួម ក៏ដូចជាបន្ដអាជីពនៅក្របខណ្ឌលីគកំពូលណូវែលហ្សេឡង់នេះដែរ ក៏បានបញ្ចប់នូវព័ត៌ចរចាមអារ៉ាមដែលថា ប្អូនប្រុសបង្កើតកីឡាករ លឹម អារុណ សមាជិកក្រុម Tiffy Army ដដែល បានចូលរួមជាមួយក្លិបនេះក្លិបនោះនៃលីគកំពូលកម្ពុជាផងដែរ។
គួរដឹងថា Lim Lucca ត្រូវបានចាត់ទុកជាកីឡាករដ៏សំខាន់មួយ សម្រាប់ក្រុមជម្រើសជាតិកម្ពុជា ពិសេសសម្រាប់ក្រុមគោព្រៃជំទង់ U22 កម្ពុជា ដែលត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅថៃនាចុងឆ្នាំនេះ៕