(បរទេស)៖ ក្រុមហ៊ុន BYD របស់ប្រទេសចិន ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេបានរៃអង្គាសប្រាក់បានចំនួន​ ៥.៥៩ ពាន់លានដុល្លារដោយជោគជ័យក្នុងការលក់ភាគហ៊ុនចម្បង ដែលជាការកត់សម្គាល់ប្រតិបត្តិការដ៏ធំបំផុតនៅក្នុងទីក្រុងហុងកុងក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥។

BYD បាននិយាយថា ខ្លួនបានលក់ភាគហ៊ុនបឋមចំនួន ១២៩.៨លានហ៊ុន នៅក្នុងកិច្ចព្រមព្រៀងនេះ ដែលកើនឡើងពីផែនការដំបូងចំនួន ១១៨ លានហ៊ុន។ ភាគហ៊ុននេះ​ ត្រូវបានលក់ក្នុងតម្លៃ HK$335.20 (ប្រហែល ៤៣.១១ ដុល្លារ) ក្នុងមួយហ៊ុន ដែលឆ្លុះបញ្ចាំងពីការបញ្ចុះតម្លៃ ៧.៨% ពីតម្លៃបិទភាគហ៊ុន HK$363.6 (ប្រហែល ៤៦.៩៣ដុល្លារ) នៅថ្ងៃចន្ទ។ BYD បានបញ្ជាក់ថា ការិយាល័យគ្រួសារ Al-Futtaim ដែលមានមូលដ្ឋាននៅប្រទេសអារ៉ាប់រួម គឺជាអ្នកវិនិយោគដ៏សំខាន់ក្នុងការលក់ភាគហ៊ុន ហើយក្រុមហ៊ុនទាំងពីរកំពុងរៀបចំផែនការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ។ តែយ៉ាងណា ក្រុមហ៊ុនចិនដ៏លេចធ្លោនេះ មិន​បាន​បញ្ជាក់​នោះទេថា​តើ​គ្រួសារ​នេះ​បាន​វិនិយោគ​ប៉ុន្មាន​នោះ?។

យោងតាមទិន្នន័យរបស់ LSEG បានឱ្យដឹងថា ការលក់ភាគហ៊ុនរបស់ BYD ក្នុងជុំនេះ គឺជាប្រភេទដ៏ធំបំផុតរបស់ខ្លួននៅក្នុងទីក្រុងហុងកុងចាប់តាំងពីឆ្នាំ ២០២១ នៅពេលដែលក្រុមហ៊ុន Meituan រៃអង្គាសប្រាក់បានចំនួន ៦.៩ ពាន់លានដុល្លារ។ កិច្ចព្រមព្រៀងនេះ បានឆ្លុះបញ្ចាំងពីភាពវិជ្ជមានកាន់តែខ្លាំងឡើងនៅក្នុងទីក្រុងហុងកុង និងប្រទេសចិន ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យា បន្ទាប់ពីកិច្ចប្រជុំកំពូលនៃនាយកប្រតិបត្តិបច្ចេកវិទ្យាដែលដឹកនាំដោយប្រធានាធិបតីចិនលោក Xi Jinping ។

គួរជម្រាបថា ភាគហ៊ុនហុងកុងរបស់ BYD បានកើនឡើង ៣៦.៣៨% នៅឆ្នាំនេះ ខណៈដែលភាគហ៊ុនដែលបានចុះបញ្ជីក្នុងទីក្រុង Shenzhen របស់ខ្លួនបានកើនឡើង ២៧.៤%។ BYD បញ្ជាក់ថា ខ្លួនមានបំណងប្រើប្រាស់ប្រាក់ចំណូលសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ពង្រីកប្រតិបត្តិការអន្តរជាតិ ពង្រឹងទុនធ្វើការ និងគោលបំណងទូទៅរបស់ក្រុមហ៊ុន៕