(ភ្នំពេញ)៖ ទើបតែបង្ហាញសកម្មភាពសប្បុរសធម៌ជាមួយក្មេងៗនៅមណ្ឌលកុមារកំព្រាមិនបានប៉ុន្មានផង ស្រាប់តែពេលនេះតារាចម្រៀង ខេមរៈ សិរីមន្ត បានដឹកសិល្បករ កីឡាករ អ្នកបង្កើតមាតិកា និងតារាចម្រៀង រ៉េប ចែករំលែកក្តីស្រឡាញ់ជាមួយលោកតាធាក់ស៊ីក្លូយ៉ាងមានក្តីសុខបំផុត។
តារាចម្រៀង ខេមរៈ សិរីមន្ត បាននិយាយថា «ខ្ញុំបាទរួមនឹងបេះដូងមនុស្សធម៌សិល្បៈ កីឡា influencer និង rapper បាននាំគ្នានាំយកអង្ករចំនួន៣តោនទឹកស៊ីអ៊ីវទឹកត្រីត្រីខ និងស្បែកជ្រូកទៅជូនដល់លោកតាលោកអ៊ំដែលជាអ្នកប្រកបអាជីពធាក់ស៊ីក្លូ និងបានចែករំលែកនូវក្តីស្រឡាញ់ទៅកាន់ពួកគាត់ផងដែរ»។
ទឹកចិត្តរបស់តារាចម្រៀង ខេមរៈ សិរីមន្ត នេះធ្វើឱ្យមហាជនសរសើរមិនដាច់ពីមាត់ ជាក់ស្តែងតាមរយៈវិដេអូដែលដែលទស្សនិកជនបានឃើញស្រាប់ តារាចម្រៀង ខេមរៈ សិរីមន្ត រួមជាមួយក្រុមដឹកនាំសិល្បករទាំងអស់បាននាំគ្នាធាក់ស៊ីក្លូជូនលោកតាៗដែលប្រកបអាជីពធាក់ស៊ីក្លូវិញម្តង ធ្វើឱ្យពួកគាត់រំភើបចិត្តជាខ្លាំងនៅពេលឃើញទង្វើរដ៏ល្អនេះ។
តារាចម្រៀង ខេមរៈ សិរីមន្ត នៅមានគម្រោងការងារសប្បុរសធម៌បែបនេះជាបន្តបន្ទាប់ទៀតនៅពេលក្រោយៗទៀត លោកថានៅពេលដែលលោកធ្វើការងារសប្បុរសធម៌ម្តងៗ គឺលោករំភើបចិត្ត ហើយសប្បាយចិត្តដែលបានចែករំលែកក្តីស្រឡាញ់ទៅដល់អ្នកដែលខ្វះខាត៕