(បរទេស)៖ ថ្មីៗនេះនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Taiwan Semiconductor Manufacturing Co (TSMC) លោក C.C. Wei បានប្រកាសថា TSMC នឹងចាយទុនវិនិយោគប្រមាណ ១០០ពាន់លានដុល្លារដើម្បីបង្កើតកន្លែងផលិតបន្ទះឈីបថ្មីចំនួន ៥ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដោយបង្កើនសមត្ថភាពផលិតរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥។

TSMC គឺជាក្រុមហ៊ុនផលិតបន្ទះឈីបកិច្ចសន្យាធំជាងគេបំផុតរបស់ពិភពលោក និងជាអ្នកផ្គត់ផ្គង់ឈានមុនគេដល់ក្រុមហ៊ុនផលិត Hardware ធំៗរបស់សហរដ្ឋអាមេរិក។ ផែនការនេះ ត្រូវបានគេមើលឃើញថា CEO លោក Wei បានប្រកាសនៅក្នុងជំនួបជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោ​ក Donald Trump នៅសេតវិមាន។ ក្នុងជំនួបនោះ លោក Trump បាននិយាយថា «យើងត្រូវតែអាចបង្កើតបន្ទះឈីប និងផលិតផលពាក់កណ្តាលសម្រេច semiconductor ដែលយើងត្រូវការនៅទីនេះ»។​ «ព្រោះវាពាក់ព័ន្ធនឹង បញ្ហាសន្តិសុខជាតិរបស់យើង»

ទន្ទឹមនឹងនេះ TSMC ក៏បានបញ្ជាក់ផងដែរថា ការវិនិយោគនេះរួមមានផែនការសម្រាប់រោងចក្រផលិតបន្ទះឈីបថ្មីចំនួន ០៣ កន្លែងវេចខ្ចប់ទំនើបចំនួន ០២ និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ដ៏សំខាន់ចំនួន ០១។ ទុនវិនិយោគ ១០០​ ពាន់លានដុល្លារនេះ នឹងជំរុញផលិតកម្មក្នុងស្រុក និងធ្វើឱ្យសហរដ្ឋអាមេរិកមិនសូវពឹងផ្អែកលើឧបករណ៍អេឡិចត្រូនិកដែលផលិតនៅអាស៊ី ពោលគឺជាការបន្ថែមចំនួនវិនិយោគដែល TSMC បានប្រកាសកាលពីខែមេសាកន្លងទៅ ថាខ្លួននឹងពង្រីកការវិនិយោគរបស់សហរដ្ឋអាមេរិកដែលបានគ្រោងទុកពី ២៥ពាន់លានដុល្លរ ទៅ ៦៥ពាន់លានដុល្លារ មិនត្រឹមតែប៉ុណ្ណោះមានគម្រោងសាងសង់រោងចក្រអារីហ្សូណាទី៣ នៅឆ្នាំ២០៣០ ថែមទៀតផង។

ជុំវិញរបាយការណ៍លម្អិតទាក់ទិននឹងការវិនិយោគនេះ TSMC នៅមិនទាន់បង្ហាញជាផ្លូវការនោះទេ។ ប៉ុន្តែក្រុមហ៊ុនផលិតបន្ទះឈីបដ៏លេចធ្លោរនេះបានគូសបញ្ជាក់ថា នឹងបង្កើតការងារសំណងបានចំនួន​ ៤០,០០០ ក្នុងរយៈពេល ៤ ឆ្នាំខាងមុខ។

គួរជម្រាបថា ក្នុងនាមជាដៃគូផលិតដ៏សំខាន់របស់ Nvidia, Qualcomm និង AMD ក្រុមហ៊ុន TSMC គឺជាចំណុចកណ្តាលនៃឧស្សាហកម្មបន្ទះឈីបរបស់សហរដ្ឋអាមេរិក ហើយការនាំយកផលិតកម្មរបស់ខ្លួនបន្ថែមទៀតទៅកាន់ទឹកដីសហរដ្ឋអាមេរិក​ ត្រូវបានគេមើលឃើញថានឹងដោះស្រាយហានិភ័យខ្សែសង្វាក់ផ្គត់ផ្គង់ដ៏សំខាន់សម្រាប់ក្រុមហ៊ុនទាំងនោះ៕