(ប៉េកាំង)៖ ការលក់រថយន្តអគ្គិសនីផលិតឡើងនៅប្រទេសចិន របស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះរហូតដល់៤៩.២ភាគរយ ក្នុងខែកុម្ភៈ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន មកនៅត្រឹម៣០,៦៨៨គ្រឿងប៉ុណ្ណោះ, ជាចំនួនទាបបំផុត មិនធ្លាប់មានពីមុនមក គិតចាប់តាំងពីខែសីហា ឆ្នាំ២០២២មក, ខណៈក្រុមហ៊ុនផលិតរថយន្តអាមេរិកនេះ កំពុងប្រឈមមុខនឹងសម្ពាធ ពីក្រុមហ៊ុនប្រកួតប្រជែងចិន ក្នុងសង្គ្រាមតម្លៃរថយន្តអគ្គិសនីឥតឈប់ឈរ។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥។
Tesla ដែលផលិតរថយន្ត Model 3 និង Model Y របស់ខ្លួន នៅក្នុងប្រទេសចិននោះ, បានលក់រថយន្តផលិតនៅចិន នៅទូទាំងពិភពលោក បានចំនួន៩៣,៩២៦គ្រឿង ក្នុងរយៈពេល២ខែដំបូងឆ្នាំនេះ, បានធ្លាក់ចុះ២៨.៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យពីសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA)។
ការលក់ក្នុងខែមករា និងខែកុម្ភៈ ត្រូវបានបង្ខួចទ្រង់ទ្រាយ ដោយថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី ដែលផ្លាស់ប្តូរពីខែកុម្ភៈ កាលពីឆ្នាំមុន មកធ្វើឡើងនៅចុងខែមករាវិញ ក្នុងឆ្នាំនេះ និងដោយសារតែការផ្អាកមួយផ្នែក នៃផលិតកម្មរថយន្ត Model Y ដើម្បីការធ្វើការងារឱ្យកាន់តែប្រសើរឡើង។
ទោះបីជាយ៉ាងណាក៏ដោយ, ក្រុមហ៊ុនគូប្រជែងចិន BYD ជាមួយនឹងសេរី Dynasty និង Ocean ជាប្រទេសអគ្គិសនី និង Plug-in Hybrids នោះ, បានទទួលកំណត់ត្រាកើនឡើង៩០.៤ភាគរយ ក្នុងការលក់រថយន្តដឹកអ្នកដំណើរ រហូតដល់៦១៤,៦៧៩គ្រឿង កាលពីខែមុន។
រថយន្តទាំងពីរម៉ូឌែលរបស់ Tesla ដែលផលិតឡើងនៅចិន គឺជារថយន្តអគ្គិសនីឆ្លាតវៃ។ Tesla ក៏បាននាំចេញផលិតអគ្គិសនីផលិតនៅចិនរបស់ខ្លួន ទៅកាន់ទីផ្សារផ្សេងទៀត ក្នុងនោះរួមទាំងអឺរ៉ុបផងដែរ, ជាទីកន្លែងដែលការលក់ធ្លាក់ចុះ៤៥ភាគរយ ក្នុងខែមករា៕