(ភ្នំពេញ)៖ សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា នឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ នាថ្ងៃទី៧-៨ ខែមីនាចុងសប្ដាហ៍នេះ នៅសាលដំបូលទូកនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយប្រើប្រាស់នូវថវិកាផ្ទាល់របស់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ដើម្បីសម្រួចគុណផលកីឡាករ-កីឡាការិនីមានសក្ដានុពលត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥ នេះ។

លោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា ដោយសារសហព័ន្ធថ្មី កីឡាបញ្ចស៊ីឡាត់កម្ពុជា មិនទាន់ទទួលបានកញ្ចប់ថវិកាគាំទ្រប្រចាំឆ្នាំដូចសហព័ន្ធដទៃទេ ប៉ុន្តែគណៈកម្មាធិការប្រតិបត្តិ តែងតែប្រឹងប្រែងជំរុញការងារអភិវឌ្ឍប្រភេទកីឡាថ្មីមួយនេះ ដូចប្រភេទកីឡាផ្សេងៗនៅកម្ពុជាដែរ ជាក់ស្ដែងសហព័ន្ធ បានបញ្ជូនកីឡាករ-កីឡាការិនី ចូលរួមប្រកួតអន្តរជាតិជារឿយៗ ជាក់ស្ដែងចុងក្រោយ គឺអត្តពលិកបញ្ចស៊ីឡាត់កម្ពុជា ដណ្តើមមបានមេដាយសំរឹទ្ធពីការប្រកួតជើងឯកពិភពលោកនៅ Abu Dhabi ទៀតផង។

លោកបន្ដថា «ចុងឆ្នាំ២០២៥ ប្រទេសថៃ នឹងធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣៣ ហើយបញ្ចស៊ីឡាត់ ក៏ត្រូវបានដាក់បញ្ជូលក្នុងការប្រកួតដែរ ។ ដូច្នេះសហព័ន្ធ ក្រោមការដឹកនាំរបស់ឯកឧត្តម សេង ធារិន ប្រធានសហព័ន្ធ ក៏ដូចជាសមាជិកគណៈកម្មាធិការប្រតិបត្តិទាំងមូល បានជំរុញឲ្យមានការប្រកួតជើងឯកថ្នាក់ជាតិនេះឡើង ដើម្បីបើកឱកាសដល់កីឡាករ-កីឡាការិនី និងយុវជនខ្មែរបានចូលរួមប្រកួតប្រជែង ស្វែងរកធនធាន សម្រួចគោលដៅឆ្ពោះទៅប្រជែងមេដាយជូនជាតិ ក្នុងស៊ីហ្គេមនាចុងឆ្នាំ និងត្រៀមប្រកួតអន្តរជាតិនានា»

«ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ នេះ គឺប្រើប្រាស់ធនធានផ្ទាល់របស់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធបញ្ចស៊ីឡាត់កម្ពុជា ដោយយើងបានសម្លឹងឱកាស ក្នុងការដណ្តើមមេដាយ និងកិត្តិយសជូនជាតិ នៅក្នុងឆាកអន្ដរជាតិ ។ ដូច្នេះហើយក៏យើងសម្រួចទៅតែម្ដង ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស និងជំរុញកីឡាករ-កីឡាការិនីមានសក្ដានុពល ដើម្បីឲ្យគាត់ចូលរួមប្រកួត ហើយនាំមេដាយមកជូនជាតិ មិនថាមេដាយមាស ប្រាក់ ឬសំរឹទ្ធ ឲ្យតែមេដាយដណ្ដើមបានពីឆាកអន្តរជាតិ គឺយើងរីករាយនឹងទទួល»។ លោក អ៊ួ តារា បន្ថែម។

គួរដឹងថា បញ្ចស៊ីឡាត់ គឺជាប្រភេទកីឡាថ្មីសម្រាប់កម្ពុជា ដែលមានសណ្ឋាន និងទម្រង់ប្រហាក់ប្រហែលគ្នាទៅនឹងកីឡាប្រពៃណីខ្មែរដែរ គឺកីឡាគុនល្បុក្កតោ។ ដោយសម្លឹងឃើញថា កីឡាករ-កីឡាការិនីកម្ពុជា មានសមត្ថភាព និងទេពកោសល្យល្អ ក្នុងការហ្វឹកហាត់កីឡាមានប្រភពពីប្រទេសឥណ្ឌូនេស៊ីនេះ ទើបនាំកីឡាបញ្ចស៊ីឡាត់កម្ពុជា ទទួលបានលទ្ធផលជាបន្ដបន្ទាប់ ក្នុងការប្រកួតលើឆាកអន្ដរជាតិ ។ ចំពោះការប្រកួតជើងឯកថ្នាក់ជាតិចុងសប្ដាហ៍នេះវិញ សហព័ន្ធបានកំណត់វិញ្ញាសាប្រកួតចំនួន ១៥ ក្នុងនោះមានប្រយុទ្ធបុរសចំនួន ៩ និងប្រយុទ្ធនារីចំនួន ៦៕