(អាហ្សាក់)៖ កាំភ្លើងធំ Arsenal បានយកឈ្នះគូប្រជែង PSV Eindhoven របស់ហូឡង់ក្នុងលទ្ធផល ៧ទល់នឹង១ នាយប់មិញនេះ ក្នុងជើងទី១ នៃវគ្គ ១៦ក្រុមចុងក្រោយពានរង្វាន់អឺរ៉ុប UEFA Champions League 2024-25។
តាមរយៈលទ្ធផលនេះបានធ្វើឱ្យពួកគេ មានភាគរយខ្ពស់ជាងគេ ក្នុងចំណោម ១៦ក្រុម ដើម្បីឡើងវគ្គ ៨ក្រុម UCL ជាបន្តទៀត មុនពេលលេងបញ្ចប់ជើងទី២ នៅទឹកដីអង់គ្លេសនាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ខាងមុខ។
ក្នុងប្រកួត ៩០នាទីពេញនៅប្រទេសហូឡង់នាយប់មិញនេះ ក្រុមសមាជិកលេងនៅ Premier League ធ្វើបាន ៣គ្រាប់ពីក្នុងវគ្គទី១ មុនពេលបន្ថែម ៤គ្រាប់ទៀតក្នុងវគ្គទី២ ដ្បិតខាងក្រុមម្ចាស់ផ្ទះ PSV អាចវាយបកបានតែ ១គ្រាប់នៅនាទីចុងម៉ោងនៃវគ្គទី១ ធ្វើបានដោយកីឡាករ Noa Lang។
ជាមួយគ្នានោះ ក្រុមការពារតំណែងជើងឯក Real Madrid ដែលនឹងប៉ះ Arsenal នៅវគ្គ ៨ក្រុម ប្រសិនបើឆ្លងផុតវគ្គ ១៦ក្រុមនោះ ក៏បានយកឈ្នះគូប្រជែងក្រុមអេស្ប៉ាញដូចគ្នា Atletico Madrid ២-១ ក្នុងជើងទី១ នាយប់មិញដែរ ពីការធ្វើបានសម្រេចដោយកីឡាករ Rodrygo និង Brahim Driaz និង Julina Alvarez ធ្វើបានតែ ១គ្រាប់ឱ្យក្រុមភ្ញៀវ Atletico៕