(បរទេស)៖ ក្រុមហ៊ុនចិន ByteDace ដែលជាមេធំរបស់ TikTok ត្រូវបានគេរាយការណ៍មកថា បានចាប់ផ្តើមកម្មវិធីទិញភាគហ៊ុនថ្មីសម្រាប់បុគ្គលិកអាមេរិករបស់ខ្លួន ដោយផ្តល់ជូនការទិញភាគហ៊ុនត្រឡប់មកវិញក្នុងតម្លៃ ១៨៩.៩០ ដុល្លារក្នុងមួយហ៊ុន។ ខណៈតួរលេខនេះ តំណាងឱ្យការកើនឡើងប្រមាណ ១១% ពីតម្លៃភាគហ៊ុន ១៧១ដុល្លារក្នុងកម្មវិធីស្រដៀងគ្នាដែលបានធ្វើឡើងកាលពីឆ្នាំមុន និងកើនឡើងពី ១៨១ដុល្លារក្នុងមួយហ៊ុនកាលពីប្រាំមួយខែមុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥។
យោងតាមប្រភពមិនបង្ហាញឈ្មោះបានលើកឡើងថា តម្លៃភាគហ៊ុនថ្មីនេះអាចកំណត់តម្លៃរបស់ ByteDance ប្រហែល ៣១៥ ពាន់លានដុល្លារ ដែលបង្ហាញពីការងើបឡើងវិញយ៉ាងសំខាន់សម្រាប់ក្រុមហ៊ុន បន្ទាប់ពីការធ្លាក់ចុះនៃការវាយតម្លៃរបស់ខ្លួនក្នុងឆ្នាំ២០២៣។ ByteDace ដែលត្រូវបានគេស្គាល់ថាជាមេធំរបស់ TikTok នឹងជាកម្មវិធីដ៏លេចធ្លោបំផុតនោះបានគូសបញ្ជាក់ថា ជំហរហិរញ្ញវត្ថុដ៏រឹងមាំនេះត្រូវបានជំរុញដោយអាជីវកម្មក្នុងស្រុក និងអន្តរជាតិដែលកំពុងរីកចម្រើន បើទោះបីជាកម្មវិធីដ៏ពេញនិយមរបស់ខ្លួន TikTok ប្រឈមនឹងការគំរាមកំហែងនៃការហាមឃាត់របស់សហរដ្ឋអាមេរិកក៏ដោយ។
គួរជម្រាបថា កម្មវិធីទិញភាគហ៊ុនត្រឡប់មកវិញនេះត្រូវបានគេមើលឃើញថា ជាមធ្យោបាយមួយដើម្បីលើកទឹកចិត្តក្នុងចំណោមបុគ្គលិកអាមេរិក ដែលបានសម្តែងការព្រួយបារម្ភអំពីអនាគតមិនច្បាស់លាស់របស់កម្មវិធី។ TikTok ដែលមានអ្នកប្រើប្រាស់អាមេរិកចំនួន ១៧០លាននាក់ បច្ចុប្បន្ននេះកំពុងត្រូវបានពន្យាពេលការហាមឃាត់ ខណៈដែលលោក Trump បានផ្តល់ឱកាសឱ្យ ByteDance រយៈពេល ៧៥ថ្ងៃបន្តទៀតដើម្បីស្វែងរកជម្រើសរបស់ខ្លួន ហើយបានបញ្ជាឱ្យអនុប្រធានាធិបតីលោក JD Vance ត្រួតពិនិត្យដំណើរការនេះ៕