(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស​ Meta Platform ដែលជាមេធំរបស់ Facebook និង Instagram រួមទាំង Snapchat និង TikTok បានប្រតិកម្មនឹងបានជំរុញឱ្យប្រទេសអូស្ត្រាលីពិចារណាឡើងវិញនូវការសម្រេចចិត្តលើកលែង YouTube ពីច្បាប់ដែលហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារអាយុក្រោម ១៦ ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥។

ច្បាប់នេះ ត្រូវបានអនុម័តដោយសភាអូស្រ្តាលីក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ដោយកំណត់អាយុអប្បបរមា ១៦ ឆ្នាំសម្រាប់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយតម្រូវឱ្យពួកគេចាត់វិធានការ «សមហេតុផល» ដើម្បីការពារអ្នកប្រើប្រាស់ដែលមានអាយុក្រោមនេះពីការបង្កើត ឬរក្សាគណនី។ មិនត្រឹមតែប៉ុណ្ណោះ បានចែងឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយទាំងអស់រារាំងការចូលប្រើដោយអនីតិជន បើពុំដូច្នោះទេអាចនឹងពិន័យប្រាក់រហូតដល់ ៣១លានដុល្លារឯណោះ។

យ៉ាងណាទាក់ទិននឹងរបាយការណ៍ចុះផ្សាយនេះ YouTube នឹងត្រូវបានលើកលែងពីការហាមឃាត់ដែលត្រូវបានកំណត់ឱ្យចូលជាធរមាននៅចុងឆ្នាំមុន ដោយសារវាត្រូវបានគេចាត់ទុកថាជាកម្មវិធីអប់រំដ៏សំខាន់ និងជាសេវាកម្មតែមួយគត់ដែលត្រូវបានអនុញ្ញាតសម្រាប់កុមារ ជាផ្នែកនៃគណនីគ្រួសារដែលមានសិទ្ធិគ្រប់គ្រងដោយមាតាបិតា។ ប៉ុន្តែការលើកលែងនេះ ត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាដែលស្ថិតក្នុងវិស័យដូចគ្នាប្រឆាំងភ្លាមៗ ខណៈ Meta បានលើកឡើងថា «ការលើកលែងរបស់ YouTube គឺផ្ទុយស្រឡះពីហេតុផលដែលបានបង្ហាញនៅក្នុងច្បាប់ ហើយយើងអំពាវនាវឱ្យរដ្ឋាភិបាលធានាឱ្យមានការអនុវត្តច្បាប់ស្មើៗគ្នានៅទូទាំងសេវាប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់»។

ទន្ទឹមនឹងនេះ TikTok បានសម្តែងការព្រួយបារម្ភដល់រដ្ឋាភិបាលអូស្ត្រាលីទាក់ទងនឹងការលើកលែង YouTube ពីច្បាប់អាយុអប្បបរមាថ្មីសម្រាប់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។ TikTok អះអាងថាការលើកលែងនេះ ធ្វើឱ្យច្បាប់ «មិនសមហេតុផល និងប្រឆាំងការប្រកួតប្រជែង»។ បន្ថែមពីនេះ Snapchat បាននិយាយថា គ្មានក្រុមហ៊ុនជាក់លាក់ណាមួយដែលគួរទទួលបានការលើកលែងនោះទេ។

គួរជម្រាបថា Snap Inc បាននិយាយនៅក្នុងសំណើមួយទៅកាន់រដ្ឋាភិបាលអូស្រ្តាលីនៅថ្ងៃសុក្រថា «ត្រូវតែមានការអនុវត្តដោយយុត្តិធម៌ និងមិនលំអៀងនៃការបដិសេធ ហើយសេវាកម្មទាំងអស់គួរតែត្រូវបានធ្វើឡើងតាមស្តង់ដារដូចគ្នា»៕