(ភ្នំពេញ)៖ ក្លិបព្រះខ័នរាជស្វាយរៀង បានដាក់គោលដៅឈ្នះគ្រប់ការប្រកួត ទាំងពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2024-25 និងលីគកំពូលកម្ពុជា ដែលទាមទារឲ្យក្រុមរៀបចំនូវផែនការយុទ្ធសាស្ដ្រមួយដ៏ល្អបំផុត ដើម្បីសម្រេចគោលដៅនេះ។

នេះបើតាមការបញ្ជាក់របស់លោក Jose Munoz (Pep) គ្រូបង្វឹកក្រុមកំពូលតារាង នៃលីគកំពូលកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃពុធនេះ មុនជំនួបជើងទី១ ក្នុងវគ្គ ៨ក្រុមចុងក្រោយពានរង្វាន់ AFC Challenge League 2024-25 ជាមួយក្រុមភ្ញៀវ Shan United របស់មីយ៉ាន់ម៉ា នាម៉ោង ៧យប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ស្អែក នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។

លោក Pep ថា ការប្រកួតស្អែកនេះ ខុសពីដើមខែកុម្ភៈ (ជួបគ្នាក្នុងពានជើងឯកកក្លិបបាល់ទាត់អាស៊ាន) តែស្វាយរៀងបានយកឈ្នះ ៤-២ ដែលជាការប្រកួតសន្សំពិន្ទុ តែជំនួបលើកនេះ ជាការប្រកួតចាញ់-ធ្លាក់ ដើម្បីស្វែងរកក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ដូច្នេះលោកមានកម្លាំងចិត្តខ្លាំង សម្រាប់ការប្រកួតនេះ។ រីឯកីឡាករទាំងអស់ ក៏បានត្រៀមខ្លួនរួចរាល់ ក្រៅពី Pablo Agusto និង ណារ៉ុង កក្កដា មានបញ្ហារបួសមិនទាន់លេងបាន។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញដដែលបន្ដថា «ចំណុចសំខាន់សម្រាប់ការជួប Shan United ស្អែក គឺយើងត្រូវការរក្សាបាល់ឲ្យបានច្រើន យើងអត់ចង់ឲ្យគេវាយបកទេ។ អ៊ីចឹងយើងត្រូវការគ្រប់គ្រងបាល់ឲ្យបានល្អ ជាពិសេសការត្រៀមបញ្ជូនបាល់ឆ្ងាយរបស់គេ ព្រោះគេមានខ្សែប្រយុទ្ធខាងលើ ២រូបជាជនជាតិបរទេស។ អ្វីដែលសំខាន់មួយទៀត គឺយើងគ្រប់គ្រងលើទឹកដីរបស់គេ មិនឲ្យគេវាយបកបានទេ ហើយបើយើងមានឱកាសបញ្ចប់ទី យើងនឹងធ្វើ»

ពាក់ព័ន្ធនឹងគោលដៅរបស់ក្លិប ស្របពេលមមាញឹកជាមួយការប្រកួត ទាំងពានអន្ដរជាតិ និងលីគកំពូលកម្ពុជា លោកថា «គោលដៅរបស់យើង ពិសេសក្រុមទាំងមូល គឺត្រូវការឈ្នះការប្រកួតខាងមុខ ដែលយើងលេង ដូចជាការប្រកួតថ្ងៃស្អែក។ យើងត្រូវការឈ្នះការប្រកួត ហើយការប្រកួតបន្ដទៀត ដូចជាការប្រកួតលីគ និងការប្រកួតនៅទឹកដីមីយ៉ាន់ម៉ា។ អ៊ីចឹងយើងត្រូវខិតខំហ្វឹកហាត់ និងរៀបចំផែនការមួយឲ្យល្អបំផុត ដើម្បីឈ្នះការប្រកួត ដោយយើងគិតពី ១ប្រកួតទៅ ១ប្រកួត»

ដោយឡែកលោក Ono Hiroki គ្រូបង្វឹកក្រុម Shan United វិញ បានសម្ដែងក្ដីរីករាយក្នុងការត្រឡប់មកប្រកួតនៅកម្ពុជាជាថ្មី ជាមួយព្រះខ័នរាជស្វាយរៀង។ លោកដឹងថា ជំនួបលើកនេះកាន់តែពិបាក ក៏ព្រោះម្ចាស់ផ្ទះ បាននាំចូលកីឡាករបរទេសថ្មីៗ និងមានគុណភាព ហើយកីឡាករក្នុងស្រុក ក៏សុទ្ធតែល្អ។ ការណ៍នេះ លោកបានប្រាប់កូនក្រុមត្រូវពង្រឹងតំបន់ការពារ ហើយនឹងព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រកួតនេះ៕