(ភ្នំពេញ)៖ ត្រឹមតែមួយថ្ងៃ វិដេអូចម្រៀង (MV) ក្នុងបទចម្រៀងកន្រ្តឹមចូលឆ្នាំថ្មីដែលមានចំណងជើងថា «សៅអើយនាងសៅ» របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត មានអ្នកចូលទស្សនារហូតដល់ទៅ ៣លានដង នៅលើទំព័រផ្លូវការហ្វេសប៊ុក របស់ផលិតកម្ម Galaxy Navatra ។
មហាជនដែលទស្សនា MV ចម្រៀងនេះ ម្នាក់ៗបានសរសើរ និងសម្តែងនូវការពេញចិត្តខ្លាំងជាមួយស្នាដៃថ្មីរបស់លោកគ្រប់ៗគ្នា។
កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ខកខានក្នុងការចេញបទចម្រៀងកន្រ្តឹមឆ្នាំថ្មីអស់ពេលជាច្រើនឆ្នាំមកហើយ។ ដោយឡែក ក្រោយពីមានការសំណូមពរច្រើនពីមហាជន កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានចេញបទចម្រៀងកន្រ្តឹមជាថ្មីម្តងទៀត ដើម្បីជាកាដូឆ្នាំថ្មីសម្រាប់អ្នកគាំទ្ររបស់ខ្លួន។ ជាក់ស្តែង គ្រាន់តែ MV ចម្រៀង «សៅអើយនាងសៅ» របស់លោកចេញជាផ្លូវការភ្លាម សន្ទុះនៃការគាំទ្រ និងមានអ្នកចូលទស្សនាច្រើនហួសពីការរំពឹងទុក ជាក់ស្តែងត្រឹមតែមួយថ្ងៃមានអ្នកចូលទស្សនារហូតដល់ទៅ ៣លានដង។
មិនត្រឹមតែពិរោះរណ្តំចិត្តប៉ុណ្ណោះទេ សូម្បីតែក្នុង MV ក៏មើលទៅត្រជាក់ភ្នែកជាមួយការសម្តែងរបស់តារាចម្រៀង ខេមរៈ សិរីមន្ត រួមជាមួយតារាសម្តែងជាច្រើនរូបទៀតដូចជា កញ្ញា កុយ អេណា លោក ជីងចក់ និង ពូណុយ ជាដើម ដែលបង្កើនបរិយាកាសនៅក្នុងបទចម្រៀងនេះឱ្យកាន់តែអធិអធមឡើង។ លើសពីនេះទៅទៀត MV «សៅអើយនាងសៅ» ត្រូវបានគេរំពឹងថា ជាបទចម្រៀងថ្មីដែលនឹងផ្ទុះខ្លាំងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។
កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បាននិយាយថា «បទកន្រ្តឹមដែលពូមីងបងប្អូនតែងតែចង់បានឱ្យខ្ញុំបកស្រាយ ឥឡូវនេះខ្ញុំបានចេញជាផ្លូវការហើយបទ សៅអើយនាងសៅ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី»។
គួររំលឹកផងដែរថា កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត គឺជាតារាចម្រៀងមួយរូបដែលខ្លាំងគ្រប់ផ្នែក មិនថាបទចម្រៀងមនោសញ្ចេតនា ឬបទចម្រៀងកន្រ្តាក់អារម្មណ៍ គឺលោកធ្វើបានល្អគ្រប់ជ្រុង ជាពិសេសបទចម្រៀងបែប កន្រ្តឹម គឺបានធ្វើឱ្យលោកមានឈ្មោះល្បីល្បាញតាំងពីដើមមកម្ល៉េះ៕
តស់ ទៅទស្សនា MV ចម្រៀងថ្មី «សៅអើយនាងសៅ» ទាំងអស់គ្នា៖
https://youtu.be/EPQ4NbI7cKE?si=dOipaQm32HsWrNFt