(ភ្នំពេញ)៖ បន្ទាប់ពីរងការសង្ស័យករណីប្រព្រឹត្តនូវទង្វើរៀបចំលទ្ធផលទុកជាមុនរបស់កីឡាករ វីរៈ ដារ៉ា អ្នកចាំទីក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួតផ្លូវការរវាងក្រុមគោព្រៃកម្ពុជា ជាមួយក្រុមជម្រើសជាតិសិង្ហបុរី កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ក្នុងព្រឹត្តិការណ៍ ASEAN Championship Mitsubishi Electric Cup នៅកីឡដ្ឋានជាតិសិង្ហបុរី ពេលនេះអ្នកចាំទីឆ្នើមកំពុងឡើងដៃរូបនេះ បានទទួលនូវភាពស្អាតស្អំហើយ ដោយរូបគេ មិនបានប្រព្រឹត្តដូចការសង្ស័យឡើយ តែជាកំហុសបច្ចេកទេសប៉ុណ្ណោះ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅល្ងាចថ្ងៃទី០៥ ខែមីនានេះបានបញ្ជាក់ថា «ក្រោយពីអាជ្ញាធរមានសមត្ថកិច្ចបានធ្វើការតាមដាន និងស៊ើបអង្កេតតាមសមត្ថកិច្ចជំនាញរួចរាល់ និងរួមផ្សំដោយ ការស្រាវជ្រាវរបស់គណៈកម្មការសុចរឹតភាពរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទៅតាមនីតិវិធីជាក់លាក់ និងដោយការយកចិត្តទុកដាក់ ជាមួយនឹងអង្គភាពជំនាញក្រៅប្រទេសមួយចំនួនកន្លងមក បានបង្ហាញលទ្ធផលជា អវិជ្ជមានរួមគ្នាថា៖ កីឡាករ ជម្រើសជាតិ វីរៈ ដារ៉ា ពុំមានអ្វីពាក់ព័ន្ធទៅនឹងការសង្ស័យទាំងអស់នោះទេ។ ផ្ទុយទៅវិញ កំហុសដែលកើតឡើងនាពេលនោះ គឺជាកំហុសបច្ចេកទេសនៃការលេង ដោយអចេតនាប៉ុណ្ណោះ»

យ៉ាងណាមិញ សហព័ន្ធបានគូសបញ្ជាក់ថា «រាល់ករណីមន្ទិលសង្ស័យទាំងឡាយណា ដែលកើតមានអំឡុងពេលដំណើរការនៃការប្រកួត សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅតែបន្តធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ដើម្បីរក្សាបាននូវសុចរឹតភាពនៅក្នុងវិស័យបាល់ទាត់នៅកម្ពុជា»

សូមរំឮកថា ជំនួបពានរង្វាន់ប្រចាំតំបន់ ក្នុងពូល A ខាងលើ គឺកម្ពុជា បានចាញ់សិង្ហបុរី ២-១ គ្រាដែល ២គ្រាប់របស់ម្ចាស់ផ្ទះ សុទ្ធតែកើតចេញពីការបញ្ជូនមិនបានល្អរបស់អ្នកចាំទី វីរៈ ដារ៉ា ត្រឹមរយៈពេលប្រមាណ ១៦នាទី។

ការរបូតគ្រាប់បាល់ដោយងាយៗនេះ ត្រូវបានមហាជន ពិសេសអ្នកគាំទ្រដាក់ការសង្ស័យលើ វីរៈ ដារ៉ា ថា ប្រព្រឹត្តទង្វើរៀបចំលទ្ធផលទុកជាមុន នាំឲ្យសហព័ន្ធបើកការស៊ើបអង្កេត រហូតដល់ថ្ងៃទី០៥ ខែមីនានេះ ទើបប្រកាសលទ្ធផលថា ដារ៉ា មិនបានប្រព្រឹត្តអំពើលក់ឧត្តមគតិខ្លួន ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសជាតិបែបនេះឡើយ៕