(ភ្នំពេញ)៖ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងត្រូវជួបក្រុម Shan United របស់មីយ៉ាន់ម៉ា នាវេលាម៉ោង ៧យប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងជំនួបវគ្គ ៨ក្រុមចុងក្រោយ(ជើងទី១) នៃពានរង្វាន់ជើងឯកក្លិបបាល់ទាត់កម្រិតទី៣ ទ្វីបអាស៊ី ឆ្នាំ២០២៤/២៥ (AFC Challenge League 2024/2025) ខណៈសំបុត្រចូលទស្សនាមានតម្លៃ ៥ពាន់រៀលប៉ុណ្ណោះ។

នេះជាលើកទី២ ហើយ ដែលក្រុមទាំងពីរ បានជួបគ្នា នៅដើមឆ្នាំ២០២៥ បន្ទាប់ពីជួបគ្នាលើកទី១ កាលពីដើមខែកុម្ភៈ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមទើបគ្រងជើងឯកលីគកំពូលមីយ៉ាន់ម៉ាខាងលើ ដោយលទ្ធផល ៤-២ ក្នុងយុទ្ធនាការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤/២៥ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) ផងដែរ ។

ប៉ុន្ដែមុនជំនួបជាថ្មី នារាត្រីថ្ងៃព្រហស្បតិ៍នេះ លោក Jose Munoz (Pep) គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានលើកឡើងថា វាជាការប្រកួត ២ខុសគ្នា ដ្បិតជួបគ្នាលើកមុន ត្រឹមជាការប្រកួតសន្សំពិន្ទុ តែជួបគ្នាលើកនេះ គឺជាការប្រកួតចាញ់ធ្លាក់ ដើម្បីស្វែងរកក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ ដូច្នេះជាកម្លាំងចិត្តសម្រាប់ក្រុម នឹងព្យាយាមធ្វើឲ្យបានល្អ សម្រាប់ការប្រកួតទាំង ២ជើង ពិសេសការប្រកួតក្នុងដីយប់នេះ ដែលត្រូវបង្ហាញពីគុណភាពក្រុមជាមួយអ្នកគាំទ្ររបស់ខ្លួន ។

ដោយឡែកគ្រូបង្វឹកក្រុម Shan United លោក Ono Hiroki បានលើកឡើងថា ព្រះខ័នរាជស្វាយរៀង គឺជាក្រុមខ្លាំង ហើយបច្ចុប្បន្នមានកីឡាករបរទេសថ្មី ដែលមានគុណភាពខ្ពស់ក្នុងតំបន់ ។ បន្ទាប់ពីជួបគ្នាលើកមុនចាញ់ ៤-២ តែលោកថា ឥលូវក្រុមទាំងមូលមានទំនុកចិត្តជាងមុន ។ តែយ៉ាងណាលោកនៅតែចាត់ទុកនេះជាការប្រកួតដ៏លំបាកសម្រាប់ក្រុមខ្លួន ហើយលោកនឹងព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីទទួលបានលទ្ធផលល្អប្រសើរ មុនជំនួបជើងទី២ កាត់សេចក្ដីលើទឹកដីខ្លួន នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ខាងមុខ ៕