(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសពីគោលការណ៍បែងចែកចំណូលទទួលបានពីការប្រកួតជាលក្ខណៈអន្ដរជាតិក្នុងប្រទេសរបស់ក្រុមជម្រើសជាតិកម្ពុជា ដោយក្រោយដកចំណាយលើការរៀបចំ និងបង់ពន្ធ ថវិកានៅសល់នឹងត្រូវបែងចែកជា ៤ចំណែក ខណៈសមាគម/ក្លិប នឹងទទួលបាន ២៥% ហើយកីឡាករផ្ទាល់ ក៏នឹងទទួលបាន ២៥% ផងដែរ។
ការប្រកាសនេះធ្វើឡើងក្នុងពិធីបិទមហាសន្និបាតប្រចាំឆ្នាំរបស់សហព័ន្ធ កាលពីថ្មីៗ ក្រោមគំនិតផ្ដួចផ្ដើមផ្ទាល់លោក សៅ សុខា បន្ទាប់ពីមានការប្រជុំពិភាក្សា និងទទួលបានការគាំទ្រពីសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ក្នុងការសម្រេចដាក់ចេញនូវគោលការណ៍ចំណូលបានពីការលក់សំបុត្រ ចូលទស្សនាការប្រកួតជាលក្ខណៈអន្ដរជាតិក្នុងដី ទាំងមិត្តភាព និងផ្លូវការ សម្រាប់ថវិកានៅសល់សល់ ពីការដកចំណាយលើប្រតិបត្តិការ(រៀបចំការប្រកួត) និងដកចំណាយលើការបង់ពន្ធ នឹងត្រូវចែកជា ៤ចំណែក ដើម្បីបង្ហាញនូវសមភាព ក៏ដូចជាជាការលើកទឹកចិត្តដល់អ្នកធ្វើពលកម្មផ្ទាល់ ពិសេសសមាគម/ក្លិប និងកីឡាករ។
សម្រាប់ការបែងចែកភាគលាភនៅសល់ពីការចំណាយខាងលើ រួមមាន៖
១-សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទទួលបាន ២៥%។
២- សមាគម/ក្លិប ទទួលបាន ២៥% (សម្រាប់សមាគម/ក្លិប ដែលមានកីឡាករលេងឲ្យជម្រើសជាតិ និងទទួលបានតាមសមាមាត្រនៃចំនួនកីឡាករ) ។ លោក សៅ សុខា បញ្ជាក់ថា ២៥% នេះ ជារបស់កីឡាករក្រុមជម្រើសជាតិទាំងមូល ហើយយកចែកទៅតាមសមាគម/ក្លិប ដែលមានកីឡាករច្រើន ឬតិចលេងឲ្យជម្រើសជាតិ នឹងទទួលបានតាមជាក់ស្ដែង ខណៈក្លិបអត់មានកីឡាករលេងឲ្យជម្រើសជាតិ ពុំទទួលបាននោះទេ។
៣- ក្រុមជម្រើសជាតិ ទទួលបាន ២៥% ។ ប្រធានសហព័ន្ធពន្យល់ថា នេះគឺការផ្ដល់ជូនផ្ទាល់ដល់កីឡាករ និងសមាជិកក្រុមទាំងមូល ។ ឧទាហរណ៍ក្រុមជម្រើសជាតិ មានសមាជិក ៣២នាក់ ទាំងកីឡាករ គ្រូបង្វឹក មន្ដ្រីបុគ្គលិកក្រុម គឺយក ២៥% មកចែកគ្នាតែម្ដង។
៤- ការបង្កើតមូលនិធិធានាសុខុមាលភាព ចំនួន ២៥% ។ មូលនិធិនេះ បង្កើតឡើងសម្រាប់ចំណាយលើសមាជិកក្រុមជម្រើសជាតិទាំងមូល ពិសេសករណីកីឡាករមានរបួស ដែលត្រូវការមានថវិកាក្នុងដៃ កុំឲ្យបាត់ម្ចាស់ការ ។ ប៉ុន្ដែបើពុំមានការចំណាយអ្វីទេ ថវិកានេះ នឹងចេះតែកើន ហើយសហព័ន្ធនឹងរក្សាទុកនៅធនាគារ សម្រាប់រៀបចំការចំណាយលើអ្នកទទួលផលពីមូលនិធិនេះ។
ពាក់ព័ន្ធនឹងមូលនិធិនេះដែរ លោក សៅ សុខា បានបញ្ជាក់ថា «លុយនេះ ជាលុយរបស់អស់លោកទាំងអស់គ្នា(សម្ដៅលើកីឡាករ) គ្រាន់តែសហព័ន្ធជួយទុកឲ្យ ។ ដូចខ្ញុំធ្វើជាប្រធានសហព័ន្ធ គ្រាន់តែជាអ្នកផ្ដួចផ្ដើមគំនិត ដោយបានការគាំទ្រពីសមាជិកគណៈកម្មាធិការប្រតិបត្តិ អំពីគោលការណ៍នៃការបែងចែកផលលាភនេះ ក្នុងគោលបំណងជួយកីឡាករ ជួយក្លិប ដើម្បីអភិវឌ្ឍន៍វិស័យបាល់ទាត់នៅកម្ពុជា ខ្ញុំអត់បានទទួលលុយហ្នឹងទេ ព្រោះខ្ញុំមិនមែនជាកីឡាករ ហើយក៏មិនមែនជាមន្ដ្រីដឹកនាំក្រុមជម្រើសជាតិដែរ»។
«អ៊ីចឹងមានតែអ្នកធ្វើពលកម្មដោយផ្ទាល់ ទើបទទួលផល ហើយអ្នកដែលធ្វើពលកម្មផ្ទាល់ មានតែមនុស្សដែលឆ្នើមជាងគេ ក្នុងចំណោមមនុស្សរាប់រយរាប់ពាន់រាប់ម៉ឺនរាប់សែននាក់ហ្នឹង ។ ដូច្នេះអស់លោក គឺជាមនុស្សដែលអស្ចារ្យជាងគេទើបអាចចូលរួមជាមួយក្រុមជម្រើសជាតិ ហើយមានកញ្ចប់មូលនិធិនេះសម្រាប់ការទ្រទ្រង់ជីវិតអស់លោក ដែលយកជីវិតទៅលេងកីឡា»។
ទន្ទឹមជាមួយគ្នា លោកនាយឧត្ដមសេនីយ៍ សង្ឃឹមថា ក្រុមជម្រើសជាតិ ពិសេសកីឡាករ នឹងប្រកួត ក៏ដូចជាលេងឲ្យល្អ ដើម្បីទាក់ទាញការចូលរួម និងទិសំបុត្រចូលទស្សនាបានកាន់តែច្រើន ហើយទទួលបានផលលាភកាន់តែច្រើន តែត្រូវចៀសវាងដាច់ខាតនូវការបែបខ្ជះខ្ជាយ ឬលក់គ្រាប់បាល់ ពិសេសការកំណត់លទ្ធផលទុកជាមុន ដែលជាអំពើល្មើលច្បាប់។
លោក សៅ សុខា បានសង្កត់ធ្ងន់ថា «ខ្ញុំសូមនិយាយ បើលក់គ្រាប់បាល់ អស់លោកមិនត្រឹមតែថោកទាបទេ អស់លោកមានទោសទៀត សូមបញ្ជាក់ FFC ប្រកាសដោយជំហរ គឺមានទោសទៀត ចំពោះអ្នកដែលកំណត់លទ្ធផលទុកជាមុន ព្រោះនេះជាគោលការណ៍ Fair-Play ជាគោលការណ៍ FIFA AFC AFF និង FFC គឺខិតខំប្រយុទ្ធប្រឆាំងតស៊ូជាមួយកំណត់លទ្ធផលទុកជាមួយសម្រាប់ការប្រកួត ។ ដូច្នេះមានតែប្រកួតឲ្យល្អ លេងឲ្យល្អ ។ យើងដឹងហើយនៅកម្ពុជា លេងឈ្នះក៏មានអ្នកចូលរួមទស្សនា លេងចាញ់ ក៏មានអ្នកទស្សនាដែរ ឲ្យតែលេងល្អ ព្រោះបាល់ទាត់ធ្វើម៉េចនឹងឈ្នះទាំងអស់ ត្រូវមានអ្នកឈ្នះ-អ្នកចាញ់ តែសប្បាយជាងគេបំផុត គឺអ្នកឈ្នះ តែបើចាញ់ក៏បានមិត្តភាព និងសុខភាពដែរ»៕