(ភ្នំពេញ)៖ ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិនារី អង្គការមូលនិធិកុមារកម្ពុជា (CCF) និងធនាគារ វីង បានចាប់ដៃសហការគ្នា ដើម្បីជួយទៅដល់ក្មេងស្រីដែលរស់នៅក្នុងសហគមន៍ដែលមានជីវភាពលំបាកនៅក្នុងប្រទេសកម្ពុជា។ កម្មវិធីអប់រំ STEM ដែលទើបត្រូវបានដាក់ឱ្យដំណើរការឡើងដោយសារភាពជាដៃគូនេះ គឺមានគោលបំណងជួយទៅដល់ក្មេងស្រីមកពីគ្រួសារដែលមានភាពខ្វះខាតឱ្យទទួលបាននូវការសិក្សាមុខវិជ្ជាសំខាន់ៗដូចជា៖ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ឬហៅកាត់ថា STEM ព្រមទាំងឱកាសហាត់ការដើម្បីជួយតម្រង់ទិសអនាគតអាជីពការងារស្របតាមចំណេះជំនាញរបស់ពួកគេ។
ធនាគារ វីង ដែលជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា បានបរិច្ចាគមូលនិធិសប្បុរសធម៌ចំនួន 72,807ដុល្លារអាមេរិក ដើម្បីឧបត្ថម្ភកម្មវិធីអប់រំ STEM នៅសាលាTomorrow Academy របស់អង្គការស៊ីស៊ីអេហ្វ ដោយមានសិស្សានុសិស្សចំនួន 138នាក់ ក្នុងនោះ 88 នាក់គឺជាក្មេងស្រី។ សាលា Tomorrow Academy មានទីតាំងស្ថិតនៅជិតតំបន់អតីតចាក់សំរាមស្ទឹងមានជ័យជាកន្លែងផ្តល់ការអប់រំ ដែលចាំបាច់ដល់កុមារក្នុងតំបន់នោះដើម្បីឱ្យពួកគេអាចទទួលបាននូវចំណេះដឹង និងឱកាសការងារល្អៗនាពេលអនាគតដែលពួកគេមិនដែលស្រមៃថានឹងអាចកើតឡើងក្នុងជីវិតពួកគេឡើយ។
ថវិកាបរិច្ចាគពីធនាគារ វីង នឹងត្រូវបានចំណាយទិញកុំព្យូទ័រថ្មីចំនួន ៣៣គ្រឿង ដោយបំពាក់នូវបច្ចេកវិទ្យាចុងក្រោយដែលជាតម្រូវការចាំបាច់សម្រាប់កម្មវិធីសិក្សាទំនើប អនុញ្ញាតឱ្យសិស្សទាំងអស់នៅសាលា Tomorrow Academy អាចអនុវត្តឧបករណ៍ឌីជីថល ដែលពួកគេត្រូវការដើម្បីរីកចម្រើនក្នុងការសិក្សា និងបន្តអាជីពនៅក្នុងវិស័យSTEM ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ បន្ថែមពីនេះទៅទៀតសិស្ស និស្សិតមហាវិទ្យាល័យដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គការស៊ីស៊ីអេហ្វចំនួន ១០នាក់ នឹងត្រូវបានជ្រើសរើសជារៀងរាល់ឆ្នាំឱ្យចូលមកហាត់ការនៅធនាគារ វីង ដើម្បីឱ្យពួកគេទទួលបានបទពិសោធន៏ផ្ទាល់ និងទំនុកបម្រុងថវិកាខ្លះនៅក្នុងភាពជាដៃគូរយ:ពេល ៣ឆ្នាំនេះ។
លោក Scott Nesson ស្ថាបនិក និងនាយកប្រតិបត្តិ អង្គការស៊ីស៊ីអេហ្វ បានមានប្រសាសន៍ថា ការផ្តល់សិទ្ធិអំណាចដល់ក្មេងស្រី និងយុវតីឱ្យបន្តការសិក្សាអប់រំSTEM គឺមានសារៈសំខាន់ក្នុងការកសាងអនាគតប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព។ ពួកយើងមានសេចក្ដីសោមនស្សជាខ្លាំងក្នុងភាពជាដៃគូជាមួយធនាគារ វីង ដែលបានចូលរួមជួយក្នុងការដោះស្រាយ បញ្ហាផ្សេងៗដែលជាឧបសគ្គដល់សិស្សដើម្បីឈានទៅដល់សក្ដានុពលរបស់ពួកគេ។ ការសហការនេះមិនត្រឹមតែផ្លាស់ប្ដូរជីវិតបុគ្គលតែម្នាក់នោះទេ ប៉ុន្ដែគឺជាការចូលរួមចំណែកក្នុងការអភិវឌ្ឍកម្លាំងពលកម្មរបស់កម្ពុជានាថ្ងៃអនាគតកាន់តែរឹងមាំថែមទៀតផង។
បើទោះបីកម្មវិធីអប់រំ STEM មានការវិវឌ្ឍគួរឱ្យកត់សម្គាល់ក្តី ប៉ុន្តែចំនួនសិស្សនារីនៅកម្ពុជាដែលបានចូលរៀនវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិស្វកម្ម ហាក់នៅមានចំនួនតិចតួចនៅឡើយ។ កិច្ចសហការរវាងអង្គការស៊ីស៊ីអេហ្វ និងធនាគារ វីង គឺជាការបោះជំហានដ៏សំខាន់មួយដើម្បីផ្លាស់ប្តូរនូវគម្លាតនេះ ដោយជួយទៅដល់ស្រ្តីវ័យក្មេងជំនាន់ក្រោយទទួលបាននូវជំនាញ និងភាពក្លាហានដើម្បីជំរុញភាពរីកចម្រើនផ្នែកឌីជីថល និងបច្ចេកវិទ្យាសម្រាប់អនាគតកម្ពុជា។
លោក Manu Rajan អគ្គនាយកក្រុមហ៊ុន វីង បានលើកឡើងថា នៅ វីង យើងជឿជាក់ទៅលើការផ្លាស់ប្តូរជាវិជ្ជមានតាមរយៈការសិក្សាអប់រំ។ ភាពជាដៃគូនេះមិនគ្រាន់តែជាការវិនិយោគលើវិស័យអប់រំប៉ុណ្ណោះទេ តែក៏ជាការវិនិយោគលើអនាគតនៃកម្ពុជាផងដែរ។
កម្មវិធីអប់រំ STEM សម្រាប់ក្មេងស្រីនៅសាលា Tomorrow Academy បានឆ្លុះបញ្ចាំងពីកំណើនតម្រូវការ របស់ប្រទេសកម្ពុជាសម្រាប់កម្លាំងពលកម្មជំនាញដែលអាចរួមចំណែកដោះស្រាយបញ្ហាសកលដូចជា៖ បម្រែបម្រួលអាកាសធាតុ សុខភាពសាធារណៈ និងនវានុវត្តន៍បច្ចេកវិទ្យាជាដើម។ តាមរយៈការផ្តល់នូវចំណេះដឹងចាំបាច់ទៅដល់ស្រ្តីវ័យក្មេងឱ្យទទួលបាននូវភាពជោគជ័យក្នុងវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាបានគូសបញ្ជាក់យ៉ាងច្បាស់នៃកិច្ចសហការរវាងស៊ីស៊ីអេហ្វ និងធនាគារ វីង ក្នុងការរួមចំណែកបង្កើតអនាគតដ៏ភ្លឺស្វាង និងភាពរីកចម្រើនយូរអង្វែងសម្រាប់អនាគតប្រទេសកម្ពុជា។
ចំណែកលោក Dmytro Kolechko អគ្គនាយកធនាគារ វីង ក៏បានលើកឡើងដែរថា យើងពិតជាមានមោទនភាព ដែលបានគាំទ្រស្ត្រីវ័យក្មេងដែលមានទេពកោសល្យឱ្យចាប់យកអាជីពជាមួយ STEM ហើយបន្តរួមចំណែកក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន។ យើងសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហការនេះនឹងលើកទឹកចិត្តដល់អ្នកផ្សេងទៀតឱ្យចូលរួមជាមួយយើងក្នុងការលើកកម្ពស់ការសិក្សាអប់រំទៅដល់យុវជនឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេសកម្ពុជា។”
កញ្ញា ថៃ ចរិយា សព្វថ្ងៃជាសិស្សស្រីដែលមានអាយុ១៦ឆ្នាំ កំពុងសិក្សានៅសាលា Tomorrow Academy ថ្នាក់ទី១០ បានបង្ហាញចំណាប់អារម្មណ៍យ៉ាងដូច្នេះថា នាងពិតជាសប្បាយចិត្តខ្លាំងណាស់ ពីព្រោះនាងបានរៀនអំពីស្ទែម និងកុំព្យូទ័រ។ នាងទទួលបានបទពិសោធន៏ល្អៗពីការរៀននេះ ហើយនាងសង្ឃឹមថា នាងនឹងមានអនាគតល្អ ហើយថ្ងៃអនាគត នាងចង់ទៅរៀននៅអាមេរិក នឹងជ្រើសរើសយកមុខវិជ្ជាផ្នែកវិទ្យាសាស្ដ្រកុំព្យូទ័រ។
កញ្ញា ថៃ ចរិយា ក៏បានអរគុណទៅកាន់ធនាគារ វីង ដែលបានឧបត្ថម្ភដល់រូបនាង ក៏ដូចជាសិស្សានុសិស្សដល់ការរៀន ដើម្បីយល់ដឹងពីវិស័យស្ទែម ក៏ដូចជាបានរៀនជំនាញកុំព្យូទ័រថ្មីៗបន្ថែមទៀត ហើយនាងនឹងខិតខំប្រឹងប្រែងរៀនសូត្រដើម្បីឱ្យមានអនាគតល្អ និងអាចសម្រេចក្ដីស្រម៉ៃនោះឱ្យក្លាយជាការពិត។
បង្កើតឡើងនៅក្នុងឆ្នាំ2004 អង្គការស៊ីស៊ីអេហ្វ បានធ្វើការយ៉ាងសកម្មក្នុងការលុបបំបាត់វដ្តនៃភាពក្រីក្រសម្រាប់កុមារ និងក្រុមគ្រួសារដែលងាយរងគ្រោះនៅតំបន់អតីតចាក់សំរាមស្ទឹងមានជ័យ។ សិស្សានុសិស្សចំនួនជាង១,៨០០នាក់ កំពុងសិក្សានៅក្នុងកម្មវិធីអប់រំរបស់អង្គការស៊ីស៊ីអេហ្វ ដែលអង្គការនេះបានបន្ដលើកកម្ពស់យុវជនជំនាន់ក្រោយរបស់កម្ពុជា ឱ្យក្លាយជាអ្នកដឹកនាំដើម្បីធ្វើការផ្លាស់ប្ដូរប្រកបដោយភាពយូរអង្វែង និងនាំមកនូវការអភិវឌ្ឍជាវិជ្ជមាននៅក្នុងសហគមន៍របស់ពួកគេ។
សាលា Tommorrow Academy បានបង្កើតឡើងក្នុងឆ្នាំ 2012 ដែលបានផ្ដល់នូវការអប់រំក្នុងការគាំទ្រដល់សិស្សានុសិស្សប្រមាណជាង ៣០០នាក់ តាមរយ:ការផ្ដល់នូវកម្មវិធីអប់រំ មធ្យមសិក្សា និងទុតិយភូមិ ដែលអាចបំពេញបន្ថែមតម្រូវការរបស់សិស្សម្នាក់ៗ។ តាមរយ:ដៃគូសហការជាមួយធនាគារ វីង អង្គការស៊ីស៊ីអេហ្វ នឹងបន្ដការប្តេជ្ញាក្នុងការផ្ដល់នូវឱកាស និងធនធានសម្រាប់សិស្សានុសិស្សទាំងអស់ដើម្បីភាពជោគជ័យរបស់ពួកគេ៕