(បរទេស)៖ ខ្សែប្រយុទ្ធ Lautaro Martinez ជាអ្នករកបានគ្រាប់ទី២ ពីការរួមចំណែកជួយ Inter Milan យកឈ្នះម្ចាស់ផ្ទះ Feyenoord ២ទល់នឹង០ នាយប់មិញនេះ សម្រាប់ជើងទី១ នៃវគ្គ ១៦ក្រុមកម្មវិធី UEFA Champions League 2024-25។

១គ្រាប់របស់កីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះ គឺបានកើតឡើងនៅនាទី៥០ និងជាគ្រាប់ទី១៨ របស់គេផងដែរនៅពានរង្វាន់អឺរ៉ុប វ៉ាកំណត់ត្រាចាស់របស់អតីតកីឡាករនិម្មិតរូប Sandro Mazzola ក្នុងនាមជាអ្នករកបានគ្រាប់ច្រើនជាងគេក្នុងក្លិប Inter Milan នៅ UCL។

Marcus Thuram ជាអ្នករកបានគ្រាប់នាំមុខនៅខ្វះ ៧ទៀតដល់ម៉ោងបញ្ចប់វគ្គទី១ នៅពេលបាល់ត្រូវបានបញ្ជូន ដោយ Nicolo Barella មុនពេលសមាជិកជើងឯក World Cup 2022 ជាមួយក្រុមពពកសអាហ្សង់ទីន Martinez ធ្វើបានសម្រេចគ្រាប់ទី២ នៅពេលចាប់ផ្តើមលេងវគ្គទី២ ទើបតែបាន ៥នាទីប៉ុណ្ណោះ។

ការប្រកួតជើងទី២ នៅកីឡដ្ឋាន San Siro នឹងធ្វើឡើងនៅរាត្រីអង្គារ ទី១១ ខែមីនាសប្តាហ៍ក្រោយ គ្រាដែលក្រុមរបស់ហូឡង់ Feyenoord ពុំមានវត្តមានខ្សែបម្រើស្លាប Ibrahim Osman ទៅកាន់ទីក្រុង Milan ប្រទេសអ៉ីតាលីឡើយ ដោយសារទទួលបានកាតលឿង ពីការបង្កកំហុសទៅលើ Denxel Dumfies៕