(ប៉ារីស)៖ លោក Paulo Fonseca អ្នកចាត់ការទូទៅក្លិបបាល់ទាត់ Lyon ត្រូវបានដាក់ពិន័យ ៩ខែ ពីបទស្រែកដាក់មុខអាជ្ញាកណ្តាលដោយកំហឹងនាពេលថ្មីៗនេះ ក្នុងលីគកំពូល Ligue 1 របស់បារាំង។
បុរសវ័យ ៥២ឆ្នាំរូបនេះ ទើបតែបានដឹកនាំ Lyon ៥ប្រកួតប៉ុណ្ណោះ គិតចាប់តាំងពីចូលកាន់តំណែងនាអំឡុងខែមករា ឆ្នាំ២០២៥ មក។
រូបលោកត្រូវបានពិន័យកាតក្រហមបណ្តេញចេញពីទីលានផងដែរ នៅពេលយកមុខរបស់លោកទៅញុលនឹងមុខអាជ្ញាកណ្តាល Benoit Millot នៅក្នុងប្រកួត Lyon បានលេងឈ្នះ Brest ២-១ កាលពីថ្ងៃទី០២ ខែមីនា។
លោក Fonseca បានផ្ទុះកំហឹងដាក់អាជ្ញាកណ្តាល រហូតដល់ត្រូវពិន័យកាតក្រហម នៅពេលអាជ្ញាកណ្តាល Millot បានឆែក VAR ដែលគូប្រជែង Brest អាចត្រូវបានផ្តល់បាល់ពិន័យ ១១ម៉ែត្រ ប៉ុន្តែក្រោយមកក៏អត់វិញ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់សហព័ន្ធបាល់ទាត់បារាំងបានបញ្ជាក់ថា អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់ខាងលើ នឹងមិនមានវត្តមានដឹកនាំក្រុមក្នុងការប្រកួតណាមួយឡើយ ពោលគឺរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្របពេល Lyon ក៏បានទទួលយកនូវការសម្រេចនេះ និងបង្ហាញពីក្តីព្រួយបារម្ភផងដែរ ខណៈអតីតជើងឯកលីគ ៧សម័យមួយនេះ បានកំពុងឈរនៅលេខរៀងទី៦ ក្នុងលីគបណ្តោះអាសន្ន៕