(ភ្នំពេញ)៖ ប្រៃសណីយ៍កម្ពុជា និងធនាគារប្រៃសណីយ៍ បានចុះអនុស្សារណៈនៃការយោគល់ (MoU) ស្តីពីការផ្តល់សេវាកម្មទទួលប្រអប់ប្រៃសណីយ៍ (Post Pack) តាមបណ្តាសាខាធនាគារប្រៃសណីយ៍កម្ពុជា។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា និងលោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ ធនាគារប្រៃសណីយ៍កម្ពុជា ក.អ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នៅធនាគារប្រៃសណីយកម្ពុជាស្នាក់កណ្តាល។

ឆ្លៀតក្នុងឱកាសនោះលោក ថេន សំវិសុទ្ធ បានថ្លែងថា តាងនាមប្រៃសណីយ៍កម្ពុជា លោកមានក្តីសោមនស្សរីករាយដែលបានឈានដល់ចំណុចសហប្រតិបត្តិការរវាងប្រៃសណីយ៍កម្ពុជា និងធនាគារប្រៃសណីយ៍កម្ពុជា និងសូមអរគុណចំពោះលោកអគ្គនាយកធនាគារប្រៃសណីយ៍កម្ពុជាដែលតែងតែជួយគាំទ្រ និងផ្តល់នូវកិច្ចសហការគ្នា ដើម្បីជួយជំរុញឱ្យប្រៃសណីយ៍កម្ពុជា មានភាពរីកចម្រើនទៅមុខ។ ចាប់ពីពេលនេះតទៅ អតិថិជនអាចយកប្រអប់ប្រៃសណីយ៍ មកដាក់នៅសាខា ធនាគារប្រៃសណីយ៍កម្ពុជា ឬសាខាប្រៃសណីយ៍កម្ពុជា ដែលនៅជិតទីតាំងរបស់អតិថិជន។

លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ ធនាគារប្រៃសណីយ៍កម្ពុជា ទោះបីជាធនាគារប្រៃសណីយ៍កម្ពុជា បានបង្កើតឡើងជាផ្លូវការក្នុងឆ្នាំ២០១២ ក៏ប៉ុន្តែអតិថិជនមានជំនឿថា ធនាគារប្រៃសណីយ៍កម្ពុជា ជាធនាគារដែលមានស្ថេរភាពបំផុតក្នុងចំណោមធនាគារដែលទើបតែបង្កើតថ្មី។

ចំពោះការចុះអនុស្សារណៈនៃការយោគល់នេះគឺជាយុទ្ធសាស្ត្រ ឈ្នះឈ្នះទាំងអស់ គ្នាសម្រាប់ការធ្វើអាជីវកម្ម។ ប្រអប់ប្រៃសណីយ៍ដែលយើងជួយឧបត្ថម្ភផលិត ហើយក៏មានឈ្មោះធនាគារប្រៃសណីយ៍កម្ពុជា គឺទី១៖ ជាការផ្សព្វផ្សាយមួយមានភាពយូរអង្វែងសម្រាប់អតិថិជន, ទី២៖ ជាការបង្ហាញដល់សាធារណៈជនថាប្រៃសណីយ៍កម្ពុជា និងធនាគារប្រៃសណីយ៍កម្ពុជា គឺជាបងប្អូនគ្នាដែលអាចជួយគ្នាទៅវិញទៅមក ហេតុដូចនេះ ការសហការគ្នាគឺដើម្បីភាពរីកចម្រើនទាំងអស់គ្នា ដើម្បីភាពជោគជ័យនៃអាជីវកម្មរបស់យើងទាំងអស់គ្នា៕