(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្ស Tesla ត្រូវបានគេរាយការណ៍មកថា កំពុងប្រឈមមុខនឹងការលក់ធ្លាក់ចុះយ៉ាងខ្លាំងនៅអឺរ៉ុប។ តាមរយៈរបាយការណ៍ចុះផ្សាយចុងក្រោយនេះ បង្ហាញពីការធ្លាក់ចុះដែលមិនធ្លាប់មានពីមុនមក ជាពិសេសនៅប្រទេសអាល្លឺម៉ង់ ដែលធ្លាប់ជាទីផ្សារដ៏សំខាន់បំផុតសម្រាប់ក្រុមហ៊ុន។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥។
យោងតាមទិន្នន័យបង្ហាញថា ការចែកចាយរបស់ Tesla នៅអាល្លឺម៉ង់បានធ្លាក់ចុះខ្ទង់ ៧០% ក្នុងខែកុម្ភៈ ដោយក្នុងនោះមានរថយន្ត Tesla ថ្មីត្រឹមតែចំនួន ១,៤២៩ គ្រឿងប៉ុណ្ណោះដែលត្រូវបានលក់ ខណៈវាផ្ទុយស្រឡះពីរបាយការណ៍ក្នុងខែកុម្ភៈ ឆ្នាំមុនដែលបានចែកចាយរហូតដល់ ៦,០០០គ្រឿងឯណោះ។ ការធ្លាក់ចុះនេះ មិនត្រឹមតែក្នុងប្រទេសអាល្លឺម៉ង់ប៉ុណ្ណោះទេ នៅមានប្រទេសផ្សេងទៀតក្នុងសហភាពអឺរ៉ុបរួមមាន ប្រទេសបារាំង ន័រវេស ដាណឺម៉ាក និងស៊ុយអែត ក៏បានរាយការណ៍ពីការថយចុះដ៏ធំនៃការលក់រថយន្ត Tesla ផងដែរ។ យ៉ាងណាមិញ សម្រាប់ការលក់នៅទូទាំងសហភាពអឺរ៉ុប Tesla បានធ្លាក់ចុះជាង ៤០%។
គួរជម្រាបថា ការធ្លាក់ចុះនេះត្រូវបានគេមើលឃើញថាដោយសារ សកម្មភាពនយោបាយរបស់ Musk រួមទាំងការគាំទ្រដល់ក្រុមស្តាំនិយមជ្រុលនៅអឺរ៉ុប បាននាំឱ្យមានប្រតិកម្មតបតរបស់អតិថិជន និងការធ្វើពហិការ។ ក្នុងចំណោមប្រទេសនៅទូទាំងសហភាពអឺរ៉ុបឃើញមានតែ ចក្រភពអង់គ្លេសតែមួយគត់ គឺជាប្រទេសដែលបានបង្ហាញពីការកើនឡើងបន្តិចបន្តួច នៅពេលដែលទីផ្សារសំខាន់ៗផ្សេងទៀតភាគច្រើនជួបប្រទះនឹងការធ្លាក់ចុះយ៉ាងខ្លាំង។ ដោយឡែក ប្រទេសហូឡង់ និងព័រទុយហ្កាល់ក៏បានរាយការណ៍ពីការធ្លាក់ចុះនៃការលក់ផងដែរ ដោយប្រទេសព័រទុយហ្គាល់ឃើញការធ្លាក់ចុះយ៉ាងខ្លាំងមកត្រឹម ៥៤៧គ្រឿងប៉ុណ្ណោះ។ ខណៈប្រទេសអេស្ប៉ាញ កំពុងបង្ហាញពីការរីកចម្រើនបន្តិចបន្តួចក្នុងខែមករា ប៉ុន្តែវានៅតែធ្លាក់ចុះដល់ទៅ ៤៤% បើធៀបនឹងឆ្នាំមុន៕