(ភ្នំពេញ)៖ ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានយកឈ្នះក្រុម Shan United យ៉ាងចាស់ដៃ ដោយលទ្ធផល ៦-២ ក្នុងវគ្គ ៨ក្រុមចុងក្រោង(ជើងទី១) នៃពានរង្វាន់ AFC Challenge League 2024/25 មុននេះបន្ដិច នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។
ការប្រកួតដែលមានអ្នកទស្សនាផ្ទាល់ជាង ១៦,០០០នាក់នេះ ម្ចាស់ផ្ទះព្រខ័នរាជស្វាយរៀង ធ្វើបានយ៉ាងល្អ ។ សម្រាប់គ្រាប់បាល់ជ័យជម្នះរបស់ក្រុមកំពុងឈរកំពូលតារាងលីគកំពូលកម្ពុជានេះដែរ ធ្វើសម្រេចដោយកីឡាករ Christian Dos Santos ៣គ្រាប់(Hat-Trick), Roy Fujii ១គ្រាប់, មិន រតនៈ ១គ្រាប់ និង ១គ្រាប់ទៀត ជាគ្រាប់បាល់ស៊ុតបញ្ចូនទីខ្លួនឯង(Own Goal) ពីសំណាក់ខ្សែការពារ Shan United ។
ជ័យជម្នះនេះ គឺជាដើមទុនដ៏សំខាន់ សម្រាប់ព្រះខ័នរាជស្វាយរៀង ក្នុងដំណើរឆ្ពោះទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់កម្រិតទី៣ ប្រចាំទ្វីបអាស៊ីនេះ ដ្បិតពួកគេ នឹងត្រូវធ្វើដំណើរទៅជួបក្រុមទើបគ្រងជើងឯកលីគកំពូលមីយ៉ាន់ម៉ា Shan United វិញ នៅជើងទី២ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ខាងមុខ ៕